រដ្ឋបាលខេត្តព្រះសីហនុ សម្រេចយកសណ្ឋាគារ «សម័យថ្មីអន្តរជាតិ» ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ មួយកន្លែងទៀត ដែលសណ្ឋាគារនេះ មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលនេះជាទីតាំងទី៣ហើយ ។ នេះបើតាមសេចក្ដីរបស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែមីនានេះ។ 

នៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ម្ចាស់សណ្ឋាគារ «សម័យថ្មីអន្តរជាតិ» ត្រូវមានភារកិច្ច ផ្អាកមិនទទួលភ្ញៀវដទៃឱ្យស្នាក់នៅក្នុងសណ្ឋាគារ សហការជាមួយក្រុមការងាររដ្ឋបាលខេត្ត និងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ដើម្បីរៀបចំទីតាំងខាងលើឱ្យមានលក្ខណៈសមស្របជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។ រៀបចំសម្អាតអនាម័យ បាញ់ថ្នាំសម្លាប់មេរោគ នៅទីតាំងសណ្ឋាគារទាំងក្នុង និងជុំវិញបរិវេណសណ្ឋាគារ មុនពេលយកអ្នកជំងឺមកព្យាបាល និងក្រោយពេលបញ្ចប់មុខងារជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។

ត្រូវណែនាំដល់បុគ្គលិក និងអ្នកពាក់ព័ន្ធក្នុងសណ្ឋាគារដែលចាំបាច់ត្រូវនៅបម្រើការងារបន្តដូចជា៖ អ្នកសម្អាតអនាម័យ អ្នកដាំស្ល ឬសន្តិសុខជាដើម ឱ្យអនុវត្តបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវស្នាក់នៅដាច់ដោយឡែកក្នុងសណ្ឋាគារដែលជាកន្លែងព្យាបាល មិនត្រូវចេញទៅក្រៅដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីក្រុមហ៊ុនប្រមូលសំរាមដឹកជញ្ជូនយកទៅដុតកម្ទេចចោល។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ មានកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ចំនួន៣ទីតាំងហើយ ក្នុងនោះរួមមាន៖ ១ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឬមន្ទីរពេទ្យចំការចេក ដែលមានទីតាំងស្ថិតនៅតាមផ្លូវចំការចេក (ផ្លូវលេខ ២០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ទី២ សណ្ឋាគារ «សាកាណា» ដែលមានទីតាំងស្ថិតនៅផ្លូវ១២២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងទី៣ គឺនៅសណ្ឋាគារ «សម័យថ្មី អន្តរជាតិ» ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ