ករណី បុរសម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ រត់គេចពីការធ្វើចត្តាឡីស័កនៅភ្នំពេញចូលមកខេត្តពោធិ៍សាត់
បុរសម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ហើយបានគេចពីការធ្វើចត្តាឡីស័កនៅភ្នំពេញ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ តាមឃាត់ខ្លួនបាននៅវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងភូមិដំណាក់អំពិលក្រោម សង្កាត់លលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
បើតាមប្រភពពីមន្ត្រីយោធា នៃស្នាក់ការសន្តិសុខ B05 ប្រចាំការនៅខេត្តពោធិ៍សាត់ បានឱ្យដឹងថា បុរសគេចពីការធ្វើចត្តាឡីស័កមានឈ្មោះ មួន សុភាន់ អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ជនសង្ស័យបានគេចចេញពីភ្នំពេញ មកខេត្តពោធិ៍សាត់ ចំនួន២យប់ និង៣ថ្ងៃ ហើយបានចូលទៅស្នាក់នៅផ្ទះសំណាក់អង្គរមាស ចំនួន២យប់ នៅបន្ទប់១០១, ចូលទៅស្រស់ស្រូបអាហារ នៅភោជនីយដ្ឋាន ឡាំ ស៊ីវអេង, ចូលទៅកាត់សក់នៅហាងពេញចិត្ត ចុងកោះសំពៅមាស និងចូលផឹកស៊ីនៅហាងសំនៀងសុខសាន្ត និងអាចចូលទៅកន្លែងផ្សេងៗទៀត។
រៀងរាល់ចុះទៅទីតាំងនីមួយៗ គឺមានម៉ូតូឌុបចំនួន២នាក់ ជាអ្នកផ្លាស់ប្តូរគ្នាដឹកជញ្ជូន។ ក្នុងប្រតិបត្តិការស្រាវជ្រាវខាងលើ កម្លាំងចម្រុះក៏បានធ្វើការឃាត់ខ្លួន ម៉ូតូឌុប២នាក់ និងប្រពន្ធម៉ូតូឌុប១នាក់បន្ថែមទៀត ដែលសរុបរួមទាំងជនសង្ស័យមានចំនួន៤នាក់ ដើម្បីយកមកពិនិត្យសំណាក រងចាំការធ្វើតេស្ត ពិនិត្យរកជំងឺកូវីដ-១៩ ថាមានវិជ្ជមាន ឬអវិជ្ជមាន។ ចំពោះទីតាំងខាងលើ ដែលជនសង្ស័យនោះទៅ បច្ចុប្បន្នសមត្ថកិច្ច បាននឹងកំពុងហ៊ុមព័ទ្ធពុំឲ្យមានការចេញចូល និងធ្វើការផ្អាកដំណើរការជាបណ្តោះអាសន្ន៕