ភ្នំពេញ៖ សត្វតោឈ្មោលមួយក្បាល ត្រូវបានបុរសជនជាតិចិនម្នាក់ បានយកមកចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅឋានរបស់ខ្លួន ខណៈពេលនេះតោឈ្មោលមួយក្បាលនេះ ត្រូវបានយកទៅដល់សួនសត្វភ្នំតាម៉ៅហើយ ក្រោយពីកម្លាំងសមត្ថកិច្ចបានចុះធ្វើការដកហូតកាលពីថ្ងៃអាទិត្យទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សត្វតោឈ្មោលមួយក្បាលនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ឱ្យដឹងថាមានទម្ងន់ជាង ៧០គីឡូក្រាម ត្រូវបានបុរសជនជាតិចិន ចិញ្ចឹមតាំងពីតូចរហូតដល់ពេលនេះមានអាយុប្រមាណ ១ឆ្នាំកន្លះ ដោយក្នុងមួយថ្ងៃបរិភោគសាច់ឆៅប្រមាណ៦គីឡូក្រាម។

ចំពោះការដកហូត និងយកសត្វកម្រមួយក្បាលនេះទៅចិញ្ចឹម ព្រមទាំងមើលថែនៅសួនសត្វភ្នំតាម៉ៅ មហាជនក្នុងបណ្តាញសង្គម បានបង្ហាញការសារទយ៉ាងខ្លាំង ជាមួយគ្នានេះមហាជនសង្ឃឹមថា សត្វតោនេះនឹងត្រូវបានចិញ្ចឹម មើលថែ យ៉ាងយកចិត្តទុកដាក់ និងឱ្យចំណីបានដិតដល់ ហើយសង្ឃឹមថាមិនមានការទុកចោលឱ្យស្គមស្គាំងនោះទ។

សូមបញ្ជាក់ថា បើតាមច្បាប់ព្រៃឈើនៃព្រះរាជាណាចក្រម្ពុជាមាត្រា៤៩កថាខ័ណ្ឌ២ ត្រង់ចំណុច៣ ដែលចែងថាការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់ ដូច្នេះប្រជាពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃដែលជាប្រភេទសត្វកម្រនោះឡើយ ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ