អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ៖ បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈពីថៃត្រូវបានហាមឃាត់ការនាំចូល តែទំនិញផ្សេងទៀតអាចនាំចូលបានធម្មតា តាមច្រកផ្លូវការ ដែលមិនមែនបិទជាឯកតោភាគី ដោយយោធាថៃ
ភ្នំពេញ៖ ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះបានធ្វើបច្ចុប្បន្នភាពនូវមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាដល់បណ្តាអាជីវករ និងពាណិជ្ជករ ធុរជន និងសាធារណជន។ នេះបើយោងតាមលិខិតជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ។
តាមអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំនិញដែលជាប់បម្រាមនាំចេញពីថៃមានដូចជា
បន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ដែលមានដូចជា៖
១. ប្រេងសាំង (Gasoline)
២. ប្រេងម៉ាស៊ូត (Diesel)
៣. ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG)
៤. ប្រេងខ្មៅ (Fuel oil) និង
៥. ប្រេងសាំងយន្តហោះ (Jet-A1)។
ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញ ខាងលើ មិនមែនជាកម្មវត្ថុនៃការហាមឃាត់ការនាំចូលទេ។ អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។
ចំពោះតម្រាយផ្លូវ និងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ/ពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជា ឯកតោភាគីដោយយោធាថៃ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនអាជីវករ/ពាណិជ្ជករ ធុរជននិង សាធារណជនអំពីស្ថានការ និងការវិវត្តនានាពាក់ព័ន្ធនឹងវិធានការខាងលើ៕