ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំគ្រប់ក្រសួង ស្ថាប័ន បន្ដយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្ហាញអំពីការទទួលខុសត្រូវចំពោះអ្វីដែលរាជរដ្ឋាភិបាលប្រគល់ជូន
ភ្នំពេញ ៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ដែលមានភារកិច្ចក្នុងគណៈបញ្ជាការយុទ្ធនាការនេះ បន្ដយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្ហាញអំពីការទទួលខុសត្រូវចំពោះ អ្វីដែលរាជរដ្ឋាភិបាលប្រគល់ជូន។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី១០ លោកសន្ដិបណ្ឌិត នេត សាវឿន បានទទួលយកនូវសំណូមពរ និងឯកភាពចំពោះអ្វីដែលការលើកឡើងរបស់ប្រធានគណៈកម្មការនីមួយៗ នៃយុទ្ធនាការនេះ ដែលសុទ្ធតែបង្ហាញអំពីការទទួលខុសត្រូវរបស់ខ្លួន លើអ្វីដែលរាជរដ្ឋាភិបាលប្រគល់ជូន សំដៅរួមគ្នាទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើការណែនាំដល់គណៈកម្មការនីមួយៗ បង្កើនលេខាធិការដ្ឋានរបស់ខ្លួន ដើម្បីសហការដោះស្រាយ និងដាក់ចេញវិធានការជាក់ស្ដែង សំដៅបំពេញការងារដែលខ្លួនទទួលបន្ទុក កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ខណៈកាលពីពេលកន្លងទៅ លោកមើលឃើញថា គណៈកម្មការមួយចំនួនមិនទាន់មានលេខាធិការដ្ឋាននៅឡើយទេ ដូច្នេះជាផលលំបាកនៃការបំពេញការងារ។
ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ក្រើនរំលឹកឲ្យគណៈកម្មការទាំងអស់ ត្រូវរៀបចំកសាងធ្វើផែនការសកម្មភាព ដើម្បីបែកចែកការងារអ្វីដែលត្រូវអនុវត្តមុន និងអ្វីដែលត្រូវអនុវត្តក្រោយ។ ក្នុងនោះត្រូវសហការគ្នារវាងលេខាធិការដ្ឋានរបស់គណៈបញ្ជាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលេខាធិការដ្ឋានតាមគណៈកម្មការនីមួយៗ។ លើសពីនេះ ត្រូវរៀបចំកិច្ចប្រជុំជាទៀងទាត់ ដើម្បីតាមដាន និងត្រួតពិនិត្យលទ្ធផលការងារ ព្រមទាំងត្រូវមានរចនាសម្ព័ន្ធច្បាស់លាស់។
យោងតាមរបាយការណ៍បូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ បានឲ្យដឹងថា កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្ក្រាបបទល្មើស គ្រឿងញៀនសរុបចំនួន ៥,១៨២/៥,២២០ករណី ឃាត់ខ្លួន១៣,៤៥២/១២,៩៦៥នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ១,៨៩០.៨៣គីឡូក្រាម សារធាតុគីមី ១៩,១២៩.៣៥គីឡូក្រាម រួមនឹងមធ្យោបាយ សម្ភារៈ វត្ថុតាងមួយចំនួនទៀត៕