អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បង្ហាញអំពីគម្រោង នៃការសាងសង់ព្រលានយន្ដហោះថ្មី នៅខេត្តភូមិភាគឦសានមួយនេះ ខណៈខេត្តបានត្រៀមដីរបស់រដ្ឋរួចរាល់ហើយ ប្រមាណ៦០០ហិចតា នៅពេលរាជរដ្ឋាភិបាលត្រូវការ ក្នុងការសងសាង់។ ទីតាំងគម្រោងព្រលានយន្ដហោះថ្មីនេះ គឺមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ។ក្នុងសន្និសីទសារព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។
លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា អាជ្ញាធរខេត្ត បាននិងកំពុងរៀបចំការពារដីដែលត្រៀមទុកនេះ ពីការរំលោភទន្ទ្រានពីប្រជាពលរដ្ឋ ហើយនៅពេលណារាជរដ្ឋាភិបាលត្រូវការ គឺរដ្ឋបាលខេត្តមានទីតាំងសមស្របទៅតាមតម្រូវការ សម្រាប់វិនិយោគព្រលានយន្ដហោះថ្មីនេះ។ដោយឡែក ពាក់ព័ន្ធការរក្សាទុកព្រលានយន្ដហោះចាស់ រដ្ឋបាលខេត្តនឹងរៀបចំទៅជាសួនច្បារ ប៉ុន្ដែសួនច្បារនេះទៀតសោត នឹងត្រូវធ្វើឡើងជាដំណាក់កាល ខណៈបច្ចុប្បន្នកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធជាបណ្ដើៗហើយ ដោយមានដាំដើមឈើជាដើម។
គួរជម្រាបថា យោងតាមអ្វីដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ធ្លាប់បង្ហើបប្រាប់នោះ ព្រលានយន្ដហោះថ្មី នៅខេត្តមណ្ឌលគិរី អាចនឹងត្រូវសាងសង់លើផ្ទៃដី៣០០ហិកតា ហើយតាមការប៉ាន់ស្ថានអាចនឹងវិនិយោគប្រមាណជាង៦០លានដុល្លារ។គម្រោងនេះ បានសិក្សារួចរាល់ និងបានដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍ គោលនយោបាយសេដ្ឋកិច្ច។
សូមជម្រាបថា សព្វថ្ងៃនេះកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ កំពុងតែដំណើរការ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើទំនើបកម្មអាកាសយានដ្ឋាន ដោយក្រុមហ៊ុន SCA របស់បារាំង៕SP