ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍បានឲ្យដឹងថា ទៅថ្ងៃអនាគត ព្រលានយន្តហោះ ខេត្តមណ្ឌលគិរី នឹងត្រូវប្រើប្រាស់ ជាព្រលានយន្តហោះ ក្នុងតំបន់ តភ្ជាប់ពី ខេត្តមណ្ឌលគិរី ទៅគោលដៅទេសចរណ៍ ប្រទេសថៃ វៀតណាម ឡាវ និងទីក្រុងសំខាន់ៗ ក្នុងអាស៊ាន និងហួសទៅទីក្រុងសំខាន់ៗ របស់ចិន ។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ ។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី លោកថោង ខុន បានថ្លែងថា ការអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តមណ្ឌលគិរី ចាំបាច់ត្រូវមានការចូលរួម ពីវិស័យពាក់ព័ន្ធ និងហេដ្ឋារចនាសម្ពន្ធ ផ្នែកដឹកជញ្ជូន ពិសេសគឺការបង្កើត ព្រលានយន្តហោះថ្មី ដែលមានតួនាទីសំខាន់ ក្នុងការបម្រើការដឹកជញ្ជូន ទេសចរ អ្នកដំណើរ ទំនិញផ្សេងៗ ដូចជាបន្លែ ផ្កា ផ្លែឈើទៅកាន់គោលដៅនានាក្នុងប្រទេស ។

លោកបន្តថា រាជរដ្ឋាភិបាល បានកំណត់រួចមក ដោយយកខេត្តមណ្ឌលគិរី និងភូមិភាគឦសានទាំងមូល គឺជាគោលដៅអេកូទេសចរណ៍ដ៏ធំ របស់កម្ពុជា ដែលត្រូវមានការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា វិស័យទេសចរណ៍ ជាវិស័យអន្តរវិស័យ ដែលត្រូវមានការគាំទ្រ ពីវិស័យពាក់ព័ន្ធ ដូចជា វិស័យបរិស្ថាន កសិកម្ម វប្បធម៌ ប្រព័ន្ធទឹកស្អាត អគ្គិសនី គមនាគមន៍ ការសម្រួល ឱ្យមានប្រព័ន្ធបច្ចេកវិទ្យាទំនើប និងវិស័យជាច្រើនទៀត ពិសេសគឺការ រៀបចំប្លង់គោលប្រើប្រាស់ដីធ្លី របស់ខេត្តទាំងមូល ។

លោកបន្ថែមថា “ទៅថ្ងៃអនាគតព្រលាន យន្តហោះខេត្តមណ្ឌលគិរីនេះ អាចនឹងត្រូវប្រើប្រាស់ ជាព្រលានយន្តហោះក្នុងតំបន់ (Regional airport) តភ្ជាប់ខេត្តមណ្ឌលគិរី ទៅគោលដៅ ទេសចរណ៍ជិតខាង ដូចជា ប្រទេសថៃ វៀតណាម និងឡាវ ព្រមជាមួយទីក្រុងសំខាន់ៗ ផ្សេងទៀត របស់អាស៊ាន និងហួសទៅដល់ទីក្រុងសំខាន់ៗ របស់ប្រទេសចិនផងដែរ” ។

លោកជឿជាក់ថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរីនេះ ត្រូវតែជាផែនការ ដែលមានលក្ខណៈសមាហរណកម្ម ជាមួយវិស័យផ្សេងៗ (Intergrated Master Plan) ពិសេសប្លង់គោលប្រើប្រាស់ដីធ្លី (ដែលក្រសួងរៀបចំដែនដីកំពុងរៀបចំ) ដើម្បីសម្រេចចក្ខុវិស័យ ធ្វើឱ្យខេត្តមណ្ឌលគិរី និងតំបន់ភូមិភាគឦសាន្តទាំងមូល ឱ្យក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងនិរន្តរភាព ពិសេសគឺជាគោលដៅអេកូ ទេសចរណ៍ចម្បង របស់ប្រទេសជាតិ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ដែលបានរៀបចំគម្រោង កសាងព្រលានយន្តហោះមួយ នៅខេត្តមណ្ឌលគិរី សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរពីតំបន់ទេសចរណ៍ធំៗ ដូចជា រាជធានីភ្នំពេញ សៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍ នៅភូមិភាគនិរតី តំបន់ទេសចរណ៍ នៅភាគពាយ័ព្យ មានខេត្តបាត់ដំបងជាដើម ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ