ទស្សនា ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងអាចជាទិសដៅតំបន់ពហុបំណងសេដ្ឋកិច្ចមហាយក្សចិន បន្ទាប់ពីកំពង់សោម
ភ្នំពេញ ៖ ទស្សនា ព្រលានយន្តហោះតារាសាគរខេត្តកោះកុង អាចជាទិសដៅតំបន់ពហុបំណងសេដ្ឋកិច្ចមហាយក្សចិន បន្ទាប់ពីកំពង់សោម ដែលនាំឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រេីនបន្ថែមទៀត ផងដែរ។
សូមជម្រាបថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងខេត្តកោះកុង ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍តារាសាគរតម្លៃរាប់ពាន់លានដុល្លារអាមេរិករបស់ក្រុមហ៊ុនចិន គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២០ ខាងមុខនេះ។
តាមផែនការ ក្រុមហ៊ុន Union Development Group (UDG) បោះទុនវិនិយោគសរុបចំនួន ២០០លានដុល្លារ រួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ ៣២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ។
បេីតាមព័ត៌មានរបស់ក្រុមហ៊ុន ក្រោយការសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងអនុញ្ញាតឲ្យយន្តហោះធុនយក្ស ប្រភេទ ប៊ូអីង ៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន។
គួររម្លឹកថា បច្ចុប្បន្ននេះ ខេត្តកោះកុងមានការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតារាសាគររបស់ក្រុមហ៊ុនខាងលើ និងការស្តារឡើងវិញ អតីតអាកាសយានដ្ឋានកោះកុង ស្ថិតនៅក្នុងទីក្រុងខេមរភូមិន្ទ ដែលនឹងត្រូវចាប់ផ្តើមដំណើរការអភិវឌ្ឍន៍នៅពេលមានតម្រូវការធ្វើដំណើរច្រើន៕