ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រកាសថា ថៃ កំពុងតែអនុវត្តច្បាប់របស់ថៃ នៅលើទឹកដីកម្ពុជា បន្ទាប់ពីរាយបន្លាលួសសាជាថ្មីទៀត នៅភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីព័ទ្ធយកដីប្រជាពលរដ្ឋខ្មែរដែលបានរស់នៅ និងអាស្រ័យផលជាយូរមកហើយ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «អំពើហិង្សានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ» នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៧ កញ្ញា ចាប់ពីវេលាម៉ោង៣៖៤៤នាទី កងទ័ពថៃប្រដាប់ដោយអាវុធ និងសមត្ថកិច្ចនគរបាលបង្ក្រាបបាតុកម្មថៃ ដែលប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗទៀត បានចូលមករាយបន្លាលួសសាជាថ្មីទៀត នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីព័ទ្ធយកដីដែលប្រជាពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យផលជាយូរមកហើយ។ 

អ្នកនាំពាក្យ គូសបញ្ជាក់ថា «ពោល គឺថៃ កំពុងតែអនុវត្តច្បាប់ថៃ នៅលើទឹកដីកម្ពុជា។ ប្រជាពលរដ្ឋដែលនៅទីនោះបានចេញមុខរាវាំង ដើម្បីការពារដីរបស់ខ្លួន និងបានរើបន្លាលួសទាំងនោះចេញវិញ»។

អ្នកនាំពាក្យ បន្ដថា ប៉ុន្តែ សមត្ថកិច្ចថៃបានបាញ់កាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង មកលើប្រជាពលរដ្ឋខ្មែរដែលធ្វើឱ្យពួកគេហៀរទឹកភ្នែក និងបានប្រើប្រាស់ឧបករណ៍សំឡេងដែលប៉ះពាល់ធ្ងន់ធ្ងរដល់ក្រដាស់ត្រចៀកនិងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើហិង្សាទៅលើទៅលើប្រជាពលរដ្ឋខ្មែរដោយបានប្រើប្រាស់ឧបករណ៍បង្ក្រាបនិងបាញ់ជំពាមកៅស៊ូគ្រាប់ឃ្លីដែលបណ្តាលឱ្យមានប្រជាពលរដ្ឋនិងព្រះសង្ឃនិងកងកម្លាំងដែលមិនប្រដាប់អាវុធ ដួលសន្លប់និងរងរបួសធ្ងន់និងស្រាលសរុបចំនួន ២៨ អង្គនាក់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ