មនុស្សជាង៤០ម៉ឺននាក់រត់ភៀសខ្លួន និងរាប់សិបនាក់ស្លាប់ ខណៈអ៊ីស្រាអែលបន្តពង្រីកការវាយលុកនៅហ្កាហ្សា
ហ្គាហ្សា៖ មនុស្សជាង៤០ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីទីក្រុងហ្កាហ្សា ខណៈអ៊ីស្រាអែល បានរុលទៅមុខជាមួយការលុកលុយដោយថ្មើរជើងក្នុងតំបន់ដែលរងការបំផ្លាញមួយនេះ។ ប៉ុន្តែមនុស្សរាប់ម៉ឺននាក់នៅតែភ័យខ្លាចនៃការរត់ភៀសខ្លួនទៅភាគខាងត្បូង ទោះមានការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ និងការវាយប្រហារតាមអាកាសឥតឈប់ឈរក៏ដោយ។
អាជ្ញាធរការពារជនស៊ីវិលរបស់ហ្កាហ្សាបាននិយាយថា ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ត្រូវបានសម្លាប់ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលកាន់តែខ្លាំង។ មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ទៀត កំពុងភៀសខ្លួនចេញពីទីក្រុង ហ្កាហ្សា ដែលអ៊ីស្រាអែលចាត់ទុកថាជានិមិត្តរូបនៃអាជ្ញាធរក្រុមហាម៉ាស។
ស្របពេលមានអំពើហិង្សា និងការសម្លាប់រង្គាលនៅតែបន្ត អង្គការផ្ដល់ជំនួយនានានៅដែនដីហ្កាហ្សាបានអំពាវនាវឱ្យមានអន្តរាគមន៍ជាអន្តរជាតិជាបន្ទាន់បន្ទាប់ពីការសន្និដ្ឋានរបស់គណៈកម្មការអង្គការសហប្រជាជាតិថា អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍៕