ជប៉ុន និងបារាំង ប្រកាសរកឃើញវីរុសកូវីដ-១៩ទម្រង់ថ្មី ជាលើកដំបូងដែលមានប្រភពនៅចក្រភពអង់គ្លេស
ក្រសួងសុខាភិបាលជប៉ុននិងបារាំង បានប្រកាស នៅថ្ងៃ ទី២៦ ខែធ្នូ ឆ្នាំ២០២០នេះថា ខ្លួនបានរកឃើញករណីឆ្លងដំបូងៗនៃវីរុស COVID-19 ទម្រង់ថ្មី ដែលបានផ្ទុះឡើងមុនគេនៅចក្រភពអង់គ្លេស ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
នៅក្នុងប្រទេសជប៉ុន ករណីឆ្លងវីរុស COVID-19 ទម្រង់ថ្មីខាងលើនេះ ត្រូវបានរកឃើញទៅលើមនុស្ស ០៥នាក់ ដែលបានធ្វើដំណើរមកដល់ប្រទេសជប៉ុន កាលពីចន្លោះថ្ងៃទី១៨-២១ ខែធ្នូ ឆ្នាំ២០២១ គឺនៅមុនពេលដែលប្រទេសដីកោះមួយនេះ ចាប់ផ្តើមអនុវត្តវិធានការរឹតបន្តឹង ការធ្វើដំណើរទៅមក ។
ដោយឡែក ក្រសួងសុខាភិបាលបារាំងបានរាយការណ៍ថា ពលរដ្ឋខ្លួនម្នាក់ដែលរស់នៅចក្រភពអង់គ្លេស បានធ្វើដំណើរចាកចេញពីទីក្រុងឡុងដ៍ កាលពីថ្ងៃទី ១៩ ខែធ្នូ មកកាន់បារាំងវិញ ហើយក៏បានធ្វើតេស្តរកឃើញវីរុស COVID-19 ទម្រង់ថ្មីនោះតែម្តង។ ករណីឆ្លងថ្មីនេះ គឺជាករណីឆ្លងគ្មានរោគសញ្ញា ហើយអ្នកជំងឺកំពុងដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែកនៅក្នុងផ្ទះ ស្ថិតនៅតំបន់ ធួរ (Tours) ភាគកណ្តាលនៃប្រទេសបារាំង។
បើតាមក្រសួងសុខាភិបាលជប៉ុន ករណីឆ្លងសរុប ០៥នាក់ខាងលើនេះ គឺម្នាក់ជាបុរសវ័យ ៦៥ឆ្នាំមានចេញអការៈអស់ខ្លាំង ខណៈមនុស្ស ០៤នាក់ទៀត គឺមិនមានចេញរោគសញ្ញាអ្វីឡើយ។ បច្ចុប្បន្នអ្នកជំងឺ COVID-19 ទាំង ០៥រូបកំពុងបន្តធ្វើចត្តាឡីស័ក និងទទួលការព្យាបាល។
គួរបញ្ជាក់ថា ក្រៅពីប្រទេសជប៉ុន និងបារាំង ប្រទេសអ៉ីតាលីក៏បានរាយការណ៍ អំពីការរកឃើញករណីឆ្លងនៃវីរុសទម្រង់ថ្មី នៅទីក្រុងរ៉ូមផងដែរ ហើយបើយោងតាមរបាយការណ៍របស់ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ប្រទេសដាណឺម៉ាកបានរកឃើញ ០៩ករណី, ហូឡង់ ០១ករណី និង ០១ករណីទៀតនៅអូស្ត្រាលី៕SP