សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាប្រកាសរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ
សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានប្រកាសជូនដំណឹងជាផ្លូវការស្តីពីការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលគ្រោងនឹងរៀបចំឡើង នាថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅទីលានសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា នេះជាការប្រកាសជូនដំណឹងជូនដល់ប្រធានសមាគម ក្លិបកីឡាប៊ូល និងប៉េតង់ នៅតាមក្រសួង ស្ថាប័ន រាជធានី-ខេត្ត ដើម្បីបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០។
វិញ្ញាសា ដែលដាក់ឲ្យប្រកួតប្រជែងមានចំនួន៦ រួមមាន៖ ១-វិញ្ញាសាបុរស ៣នាក់ទល់៣នាក់ (ពានធំ),វិញ្ញាសានារី ៣នាក់ទល់៣នាក់, យុវជន១៨ឆ្នាំចុះ ៣នាក់ទល់៣នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០២), យុវនារី ១៨ឆ្នាំចុះ ២នាក់ទល់២នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០២), យុវជនអាយុ១៥ឆ្នាំចុះ ១នាក់ទល់១នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០៥) និងវិញ្ញាសា ១៥ឆ្នាំចុះ ១នាក់ទល់១នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០៥)។
ចំពោះសមាគម ក្លិបដែលអាចចុះឈ្មោះចូលរួមប្រកួតបាន គឺក្នុង១ក្រុមបានតែ១វិញ្ញាសាប៉ុណ្ណោះ ហើយការទទួលពាក្យចូលរួមប្រកួតនៅតែបន្តរហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសហព័ន្ធប៊ូល និងប៉េតង់ កម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ ខណៈការប្រជុំចាប់ឆ្នោតចាប់ពូលប្រកួតគ្រោងនឹងធ្វើឡើង នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២រសៀល នៅទីស្នាក់ការសហព័ន្ធ៕sp