សាលាក្រុង បានប្រកាសនៅយប់ថ្ងៃចន្ទ ទី២៨ ខែធ្នូ នេះថា បារ ហាង និងខារ៉ាអូខេ ក្នុងទីក្រុងបាងកក ត្រូវតែបើកជាភោជនីយដ្ឋាន ហើយត្រូវបិទនៅពាក់កណ្តាលអធ្រាត្រ ដោយអនុវត្តចាប់ពីថ្ងៃអង្គារតទៅ ហើយកន្លែងស្រដៀងគ្នា ក៏ត្រូវបិទផងដែរ ។ រលកទី២ នៃការឆ្លង វីរុសកូវីដ-១៩ បានវាយប្រហារប្រទេសថៃ អ្នកឆ្លងក្នុងសហគមន៍ បានស្លាប់ដំបូងគេ នៅរសៀលថ្ងៃនេះ គឺ បុរសម្នាក់ វ័យ៤៥ឆ្នាំ ដែលធ្វើការនៅកាស៊ីណូមួយ ក្នុងខេត្តរ៉ាក់យ៉ង ។ ការស្លាប់របស់បុរសរូបនេះ បានប្រកាសនៅម៉ោងប្រហែល ៥ល្ងាចថ្ងៃទី២៨ ធ្នូនេះ ដោយអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Satit Pituthecha ។

លោកវេជ្ជបណ្ឌិត Chaiyasit Thepchatri នាយកមន្ទីរពេទ្យរ៉ាក់យ៉ង បានប្រាប់ថា អ្នកជំងឺកូវីដរូបនេះ ស្លាប់ដោយសារគាំងបេះដូងភ្លាមៗ ពេលកំពុងព្យាបាលជំងឺកូវីដ-១៩ ក្នុងមន្ទីរពេទ្យរ៉ាក់យ៉ង ដែលគាត់ពីមុនមកគឺមានជំងឺបេះដូង និងទឹកនោមផ្អែម ប្រចាំកាយ ។

បច្ចុប្បន្ន ក្រៅពីខេត្តសាមុតសាខុន រ៉ាក់យ៉ងគឺជាខេត្តមួយត្រូវបានគេចាត់ទុកថា មានហានិភ័យខ្ពស់ ក្នុងការចម្លងក្នុងសហគមន៍ ដែលការផ្ទុះរលកទី២នេះ គេរកឃើញដំបូងមានចំនួន ៩២ករណី អ្នកឆ្លងកូវីដ-១៩ នៅពេលចូលលេងល្បែងមួកន្លែង ទោះបីអភិបាលខេត្តនិងមន្ត្រីផ្សេងទៀត អះអាងថា គ្មានកន្លែងបែបនេះឡើយ ពីព្រោះវាខុសច្បាប់ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ