ក្មេងៗ៨នាក់ ក្នុងចំណោម៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ករណីព្រួតវាយបុរសខ្មែរឥស្លាមម្នាក់ជាគ្រូបង្ហាត់កីឡាសាច់ដុំ ប្លន់យកម៉ូតូ តែមិនបានសម្រេច ។ សកម្មភាពវាយប្លន់យកម៉ូតូនេះ កើតឡើងកាលពីវេលាម៉ោង៣៖៣០នាទី ទៀបភ្លឺថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៤ ភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះឈ្មោះ អ៊ី សា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្រូបង្ហាត់កីឡាសាច់ដុំ រស់នៅភូមិត្រពាំងព្រះ ឃុំកណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ 

ចំណែកជនសង្ស័យមានគ្នា៩នាក់ ។ ក្នុងនោះ ឈ្មោះ កើត គឹមអៀង អាយុ២១ឆ្នាំ បានគេចខ្លួន និងជាមេក្លោង ហើយក៏ជាអ្នកវាយលើជនរងគ្រោះ ព្រមធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ក្នុងករណីជួញដូរសារធាតុញៀន ផងដែរ ។

សមត្ថកិច្ច បន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីក្លឹបហាត់ប្រាណយកសាច់ដុំនៅរាជធានីភ្នំពេញ ឆ្ពោះទៅផ្ទះនៅខេត្តកំពង់ស្ពឺ ។ ពេលដល់ចំណុចកើតហេតុស្រាប់តែមានបក្ខពួកជនសង្ស័យមួយក្រុមគ្នា៩នាក់ ជិះម៉ូតូ៣គ្រឿង បានមកវាយជនរងគ្រោះចំមួកសុវត្ថិភាពពាក់នឹងក្បាលបណ្ដាលឲ្យដួលនៅលើផ្លូវជាតិ ។

ពេលនោះបក្ខពួកជនសង្ស័យកំពុងសំឡុតជនរងគ្រោះយកម៉ូតូ ស្រាប់តែឃើញមានសមត្ថកិច្ចកំពុងល្បាតមកដល់ ជនសង្ស័យក៏នាំគ្នាជិះម៉ូតូរត់ទៅទិសខាងកើតតាមផ្លូវជាត់លេខ៤ ហើយសមត្ថកិច្ចបានដេញតាម  និង ពួនស្ទាក់ទាក់ទងគ្នាតាមវិទ្យុទាក់ទង ក៏បានស្ទាក់ឃាត់ក្រុមបក្ខពួកជនសង្ស័យបាន៨នាក់ តែម្ដង ។

តាមចម្លើយសារភាពជនសង្ស័យឈ្មោះ ហេង រ៉ាយុទ្ធ បានសារភាពថា ខ្លួននិងបក្ខពួកបាននាំគ្នាចាំធ្វើសកម្មភាពឆក់នៅតាមផ្លូវជាតិលេខ៤ ។ លុះដល់ពេលកើតហេតុទើបឃើញជនរងគ្រោះជិះម៉ូតូមកពីទិសខាងកើតក៏នាំគ្នាជិះម៉ូតូដេញពីក្រោយហើយបានវាយជនរងគ្រោះ និងគំរាមយកម៉ូតូប្រាកដមែន ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ