ភ្នំពេញ ៖ ចោរពហុជំនាញ២នាក់ កំពុងកាន់ដែកចុងស្រួចឆ្កឹះសោផ្ទះប្រជាពលរដ្ឋ កម្លាំងល្បាតប៉ុស្តិ៍ទន្លេបាសាក់ ដើរល្បាតប្រទះឃើញ ក៏ឃាត់ខ្លួននាំមកសួរនាំបន្ត កាលពីម៉ោង៥ទៀបភ្លឺ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ8A ផ្លូវ 308 ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងឌឹក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្នុងភូមិច្រាំងបាក់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ និងម្នាក់ទៀតឈ្មោះ ម៉ាត់ រុំលី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវ698 ភូមិដើមច័ន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

ចំណែកវត្ថុតាងដកហូតរួមមាន ៖ កូនកាំបិត១, កូនកន្ទ្រៃ១, សោលេខ១៤ ចំនួន១, សោលេខ១២ ចំនួន១, ទូវីស១, ដែករឺស័រ (សម្រាប់ឆ្កឹះសោ) ចំនួន១ និងម៉ូតូមួយគ្រឿងម៉ាក សង់ការ៉េ ពណ៌ក្រហម គ្មានស្លាកលេខ។

មុនពេលឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ កម្លាំងប៉ុស្តិ៍នគរបាលបានចេញល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ដូចសព្វដង ស្រាបប្រទះឃើញជនសង្ស័យ២នាក់ខាងលើអង្គុយលើម៉ូតូសង់កូរ៉េមួយគ្រឿង ។ ពេលឃើញសមត្ថកិច្ចភ្លាម ស្រាប់តែជនសង្ស័យមានខ្លួន បម្រុងរត់គេច ក៏ត្រូវកម្លាំងល្បាតឃាត់ខ្លួនជាប់ ហើយឆែកឃើញមានដែកចុងស្រួចកែច្នៃសម្រាប់កាច់កម៉ូតូ និងឆ្កឹះសោផ្ទះ ក៏ឃាត់ខ្លួននាំមកសាកសួរ តែម្តង។

ជនសង្ស័យបានសារភាពថា ពួកគេទាំងពីរនាក់ពិតជាបានជិះម៉ូតូឌុបគ្នាដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋពិតមែន ហើយបើប្រទះឃើញអី លួចហ្នឹង ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ កសាងសុំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ