សមត្ថកិច្ចបង្ក្រាប ក្រុមចោរប្លន់យ៉ាងសកម្មចំនួន១៣នាក់ ដែលធ្វើសកម្មភាពនៅតាមផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវលេខ៤១ ខេត្តកំពង់ស្ពឺ
សមត្ថកិច្ចខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវបង្ក្រាបក្រុមចោរប្លន់យ៉ាងសកម្ម នៅតាមបណ្តោយផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវលេខ៤១ ខេត្តកំពង់ស្ពឺ រួមទាំងអ្នកទទួលផលចោរកម្មផងនោះ ប្រមាណ ១៣នាក់ បញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ។
លោក ឈឹម សាវុទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ប្រាប់ឲ្យដឹង នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ ថា កាលពីអំឡុង ខែឧសភា និង ខែកញ្ញា ឆ្នាំ២០២០ មានករណីអំពើប្លន់ម៉ូតូពីប្រជាពលរដ្ឋនៅតាមដងផ្លូវ កើតឡើង នៅក្នុងសង្កាត់ភ្លើងឆេះរទេះ និង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កឡើងដោយក្រុមជនសង្ស័យជាច្រើននាក់ ។ បន្ទាប់ពីកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវ ។
លោកបន្ត ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមៗ កម្លាំងជំនាញបានតាមដានស្រាវជ្រាវ រហូតបង្ក្រាបក្រុមជនសង្ស័យបានជាបន្តបន្ទាប់ រួមទាំងអ្នកទទួលផលចោរកម្ម សរុបទាំងអស់ ១៣នាក់ ដកហូតវត្ថុតាង ពាក់ព័ន្ធមួយចំនួន ។ ក្រុមជនសង្ស័យទាំងអស់នោះ តែងតែធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋយ៉ាងកក្រើក នៅតាមបណ្តោយផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវលេខ៤១ ខេត្តកំពង់ស្ពឺ ។ ក្រុមជនសង្ស័យទាំងនេះ ក៏មាននៅសេសសល់បក្ខពួកមួយចំនួន ដូច្នេះកម្លាំងសមត្ថកិច្ចជំនាញរបស់លោក ក៏កំពុងតាមស្រាវជ្រាវផងដែរ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។
ជាមួយគ្នានេះក្រុមជនសង្ស័យ រួមទាំងអ្នកទទួលផលចោរកម្ម សរុបទាំងអស់ ១៣នាក់ ត្រូវបានកម្លាំងរបស់លោកកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នេះ ដើម្បីចាត់ការតាមនីតិវិធី ៕SP