សមត្ថកិច្ចចុះបង្ក្រាបទីតាំងផលិត និងចែកចាយបារីក្លែងម៉ាក និងបានបញ្ជូនជនសង្ស័យជាជនបរទេសចំនួន ១៨រូបទៅសាលាដំបូងរាជធានីភ្នំពេញ
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ តាមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិកា រ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានចាត់ លោកតាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃ គ.ប.ផ.ក ដឹកនាំក្រុមការងារអន្តរក្រសួង ក្រោមការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសលួចផលិតបារីពុំមានច្បាប់អនុញ្ញាត និងក្លែងម៉ាកសញ្ញាខុសច្បាប់ មួយកន្លែងនៅភូមិសាស្រ្តសង្កាត់ចោមចៅ៣ ខណ្ឌពោធនិ៍សែនជ័យ រាធានីភ្នំពេញ ។
ជាលទ្ធផលសមត្ថកិច្ចបានរកឃើញ វត្ថុធាតុដើមក្លែងការផលិត ម៉ាស៊ីនផលិតខ្នាតធំ និងបារីផលិតរួចត្រៀមបញ្ជូនចេញសរុបចំនួន២៥តោន ហើយបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធជាជនជាតិបរទេសចំនួន១៨នាក់ (ចិន១៥នាក់ និងវៀតណាម៣នាក់) ដែលមានមេក្លោងជាជនជាតិចិន០១នាក់។ ក្នុងការចុះប្រតិបត្តិការបង្ក្រាបនេះ ធ្វើទ្បើងក្រោយពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទទួលបានពាក្យបណ្តឹង របស់ក្រុមហ៊ុន SHANGHAI TOBACCO GROUP CO., LTD. ។
ដោយឡែកនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានកសាងសំណុំរឿង និងបញ្ជូនជនបរទេសទាំង១៨នាក់(ប្រុស) ទៅអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕SP