ក្រសួងយុត្តិធម៌កម្ពុជានឹង ផ្ដល់ជំនួយផ្នែកច្បាប់ដល់ស្ត្រីខ្មែរដែលវៀតណាម កាត់ទោសប្រហារជីវិត ដើម្បីប្ដឹងជំទាស់ក្នុងសំណុំជួញដូរគ្រឿងញៀន
អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រាប់សាព័ត៌មានក្នុងស្រុកមួយនៅថ្ងៃអាទិត្យនេះថា ក្រសួងយុតិ្តធម៌បានផ្ដល់ជំនួយផ្នែកច្បាប់ដល់ស្ត្រីខ្មែររួចហើយ ដើម្បីប្ដឹងជំទាស់សេចក្ដីសម្រេចរបស់តុលាការវៀតណាម ដែលកាត់ទោសប្រហារជីវិតលើរូបនាង ពីបទជួញដូរគ្រឿងញៀនឆ្លងដែន។ ជាមួយគ្នានេះ មន្ត្រីអង្គការសង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលប្រើប្រាស់យន្តការ នៃកិច្ចព្រមព្រៀងផ្ទេរទណ្ឌិតដើម្បីនាំស្ត្រីរូបនោះមកអនុវត្តទោសនៅកម្ពុជា។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា ដំណាក់កាលឧទ្ទរណ៍ គឺមានជំនួយផ្នែកច្បាប់ពីក្រសួងយុត្តិធម៌កម្ពុជា ដើម្បីប្ដឹងជំទាស់សេចក្ដីសម្រេចរបស់តុលាការថ្នាក់ដំបូងរបស់វៀតណាម ដែលកាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀន។បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌មួយផ្នែកនៃសំណុំរឿងស្ត្រីខ្មែរនេះ អាចប្រើយន្តការផ្នែកច្បាប់ដែលមានស្រាប់រវាងកម្ពុជា និងវៀតណាមគឺកិច្ចព្រមព្រៀងធ្វើបច្ចាប័ន និងផ្ទេរទណ្ឌិត។
ចំពោះការធ្វើបច្ចាប័ណ្ណនេះសំដៅដល់ការប្រព្រឹត្តបទល្មើសនៅកម្ពុជាហើយរត់ទៅវៀតណាម នោះកម្ពុជានឹងស្នើសុំយកមកផ្ដន្ទាទោស និងដំណើរការក្ដីនៅកម្ពុជា។ ចំណែកការផ្ទេរទណ្ឌិតវិញ សំដៅដល់ការប្រព្រឹត្តបទល្មើសនៅវៀតណាម ហើយទទួលបានការកាត់ទោសរួចរាល់ កម្ពុជាអាចស្នើសុំផ្ទេរទណ្ឌិត មកអនុវត្តទោសនៅកម្ពុជា។
ដូច្នេះសំណុំរឿងស្ត្រីខ្មែរដែលត្រូវតុលាការវៀតណាម កាត់ទោសប្រហារជីវិតលើរូបនាងពីបទជួញដូរគ្រឿងញៀនឆ្លងដែន អាចស្ថិតនៅក្នុងកិច្ចព្រមព្រៀងស្តីពីការផ្ទេរទណ្ឌិត។
សូមជម្រាបជូនថា តុលាការប្រជាជននៃខេត្តតៃនិញ របស់វៀតណាម កាលពីថ្ងៃទី៣១ ខែកក្កដា បានកាត់ទោសប្រហារជីវិតស្ត្រីខ្មែរម្នាក់ ពីបទជួញដូរគ្រឿងញៀនឆ្លងដែន បន្ទាប់ពីនាងលួចនាំចូលថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួនប្រាំកញ្ចប់ ដែលមានទំងន់ប្រមាណជិត៥គីឡូក្រាមចូលវៀតណាម កាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមVNA។ តាមច្បាប់របស់វៀតណាម ជនណាដែលរកឃើញថា មានគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន កូកាអ៊ីនលើសពី ៦០០ក្រាម ឬក៏មេតំហ្វីតាមីនចំនួន ២.៥ គីឡូក្រាម នឹងត្រូវប្រឈមមុខនឹងទោសប្រហារជីវិត៕SP