និស្សិតហុងកុងចំនួន៤នាក់ត្រូវបានចាប់ឃាត់ខ្លួនក្នុងប្រតិបត្តិការពង្រឹងលើច្បាប់សន្តិសុខថ្មីរបស់ចិនជាលើកដំបូងបំផុតលើដែនដីទីក្រុងហុងកុង ដោយនិស្សិតទាំង៤នាក់នេះត្រូវបានចោទពីបទ “ញុះញ៉ុងឲ្យមានការបំបែកបំបាក់” នៅលើបណ្ដាញសង្គម ស្របពេលដែលច្បាប់សន្តិសុខថ្មីបានចាប់អនុវត្តជាធរមានចាប់តាំងពីថ្ងៃទី០១កក្កដាមក។
ប៉ូលិសហុងកុងបានឲ្យដឹងថា និស្សិតទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន មនុស្សប្រុស៣នាក់ និងស្រីម្នាក់ ដែលពួកគេមានអាយុចន្លោះពី១៦ទៅ២១ឆ្នាំ។ ជាមួយគ្នាក្រុមអ្នកគាំទ្រឯករាជ្យហុងកុង ក៏បានអះអាងដែរថា ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួន ក៏មានអតីតមេដឹកនាំរបស់ខ្លួនផងដែរ គឺលោកTony Chung។
បើតាមលោកLi Kwai-wah ដែលជាមន្រ្តីមកពីអង្គភាពច្បាប់សន្តិសុខថ្មីបានឲ្យដឹងថា យោងតាមប្រភព និងការស៊ើបអង្កេតរបស់អង្គភាព បញ្ជាក់ថាក្រុមនិស្សិតនេះទើបតែបង្កើតឡើងថ្មីៗប៉ុណ្ណោះ ដោយគោលបំណងរបស់ពួកគេគឺចង់បង្កើតជាអង្គការមួយ ដើម្បីតស៊ូមតិជាមួយរដ្ឋាភិបាលចិនក្នុងការទាមទារឯករាជ្យសម្រាប់ទីក្រុងហុងកុង៕SP