ហៃទី៖ ប៉ូលីសហៃទីបានប្រកាសកាលពីថ្ងៃអាទិត្យ ថ្ងៃទី ១១ ខែកក្កដា ថាពួកគេបានចាប់ខ្លួនជនជាតិហៃទីម្នាក់លោក Christian Emmanuel Sanon អាយុ៦៣ឆ្នាំ ដែលមានគោលបំណងនយោបាយក្នុងការជ្រើសរើសខ្មាន់កាំភ្លើងដែលបានធ្វើឃាតប្រធានាធិបតី Jovenel Moise កាលពីសប្តាហ៍មុន។
លោក Leon Charles ប្រធានប៉ូលីសជាតិហៃទីបានមានប្រសាសន៍ថា“ នេះគឺជាបុគ្គលដែលបានចូលប្រទេសហៃទីនៅលើយន្ដហោះឯកជនមួយដែលមានជាមួយគោលបំណង ឡើងកាន់តំណែងជាប្រធានាធិបតីហៃទី។
វេជ្ជបណ្ឌិតជនជាតិហៃទី ដែលមានមូលដ្ឋាននៅរដ្ឋ Florida ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ថា ជាមេខ្លោងម្នាក់នៅពីក្រោយការធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moïse។
អាជ្ញាធរហៃទីបានហៅសង្ស័យទាំងនេះថាជា អង្គភាពឃាតក ដែលរួមមានជនជាតិកូឡុំប៊ីចំនួន២៦នាក់និងជនជាតិអាមេរិកដើមកំណើតហៃទី២នាក់។ ជនជាតិកូឡុំប៊ីប្រាំនាក់ទៀត នៅមិនទាន់ចាប់បាន។
លោក Sanon ត្រូវបានគេចោទប្រកាន់ថា បានកេណ្ឌក្រុមសន្តិសុខ CTU Security មានមូលដ្ឋាននៅទីក្រុងម៉ៃអាមី ដែលត្រូវបានចុះបញ្ជីនៅរដ្ឋ Florida ថាជាអង្គភាពប្រឆាំងភេរវកម្មសហព័ន្ធ LCC។
បន្ទាប់មក CTU Security បានជ្រើសរើសជនជាតិកូឡុំប៊ី ដើម្បីធ្វើការវាយប្រហារ។ នេះបើយោងតាមប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេត ដែលបានប្រាប់កាសែត Miami Herald។
គួរបញ្ជាក់ថា លោក Sanon គឺជាមនុស្សទី៣ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការធ្វើឃាតកាលពីសប្តាហ៍មុន។ RT