ភ្នំពេញ៖រដ្ឋបាលខេត្តចំនួន៧បានបន្តប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីបន្ថែមទៀត ក្នុងនោះរួមមាន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តស្ទឹងត្រែង។ 

ខេត្តទាំង៧រួមមានខេត្ត ៖ទី១.ខេត្តបន្ទាយមានជ័យរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៤នាក់ទៀត និងមានអ្នកជំងឺព្យាបាលឱ្យជាសះស្បើយឡើងវិញចំនួន១១៣នាក់។

ទី២.ខេត្តកំពង់ធំរកឃើញអ្នកវិជ្ជមាន១៧នាក់ទៀត ក្នុងនោះមានពលករមកពីប្រទេសថៃ១នាក់ និង១៦នាក់ទៀតជាអ្នកឆ្លងក្នុងសហគមន៍ភាគច្រើនជាកម្មករ-កម្មការិនីរោងចក្រ។ តួលេខនេះនាំឱ្យចំនួនអ្នកឆ្លងកូវីដ-១៩សរុបក្នុងខេត្តកំពង់ធំកើនដល់២២៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយ៨២នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលមាន១៤៥នាក់។

ទី៣.ខេត្តបាត់ដំបងបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១០នាក់ទៀត ក្នុងនោះមាន៣នាក់ជាពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ និង៣នាក់ជាអ្នកឆ្លងក្នុងសហគមន៍ ខណៈអ្នកជំងឺកូវីដ២នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយ។ តួលេខនេះនាំឱ្យអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១៨៨នាក់, អ្នកជាសះស្បើយ៧០នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលមាន១១៤នាក់ និងអ្នកស្លាប់ចំនួន២នាក់។

ទី៤.ខេត្តព្រៃវែងរកឃើញអ្នកវិជ្ជមាន១០នាក់ទៀត តាមរយៈការធ្វើតេស្តរហ័សដោយប្រើប្រាស់ឧបករណ៍Rapid Test ហើយអ្នកវិជ្ជមានថ្មីទាំង១០នាក់នេះសុទ្ធសឹងតែជាអ្នកឆ្លងក្នុងសហគមន៍ ធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៤០នាក់, អ្នកជាសះស្បើយ១៥២នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន១៨៤នាក់ និងស្លាប់៤នាក់។

ទី៥.ខេត្តពោធិ៍សាត់រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី៥នាក់ទៀត ដែលជាអ្នកដំណើរទៅរាជធានីភ្នំពេញ៣នាក់, អ្នកដំណើរទៅខេត្តកំពង់ស្ពឺ១នាក់ និងពលករមកពីប្រទេសថៃ១នាក់។ តួលេខនេះនាំឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១០២នាក់, អ្នកជាសះស្បើយ១៧នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាល៨៤នាក់ និងអ្នកស្លាប់ចំនួន១នាក់។

ទី៦.ខេត្តកោះកុងរកឃើញអ្នកវិជ្ជមាន៤នាក់ទៀត ជាពលរដ្ឋរស់នៅក្នុងស្រុកស្រែអំបិលចំនួន២នាក់ និងនៅក្នុងស្រុកមណ្ឌលសីម៉ា២នាក់ តាមរយៈការធ្វើតេស្តរហ័សដោយឧបករណ៍Rapid Test។

ទី៧.ខេត្តស្ទឹងត្រែងរកឃើញអ្នកវិជ្ជមាន២នាក់ទៀត នាំឱ្យចំនួនអ្នកឆ្លងកូវីដ-១៩សរុបក្នុងខេត្តនេះកើនដល់៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយ១នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលមាន៨នាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ