នាយករដ្ឋមន្ដ្រី ដាស់តឿន ប្រជាពលរដ្ឋ នាំគ្នាយកចិត្តទុកដាក់ ថែទាំសុខភាព ដើម្បីចៀសផុត ពី កូវីដ-១៩
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាស់តឿន និងក្រើនរំឮក ដល់ប្រជាពលរដ្ឋ ត្រូវនាំគ្នាយកចិត្តទុកដាក់ពីការថែទាំសុខភាព ដើម្បីចៀសវាងការឆ្លង មេរោគ កូវីដ-១៩។
យោងតាមគេហទំព័ហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ថា «ខ្ញុំសូមដាស់តឿន និងក្រើនរំឮក ដល់បងប្អូនជនរួមជាតិ និងក្មួយៗ គឺត្រូវនាំគ្នាយកចិត្ត ទុកដាក់ពីការថែទាំសុខភាព ចៀសវាងការឆ្លងរោគ កូវីដ-១៩»។
សម្ដេចតេជោ បន្ដថា ទោះបីអត្រាឆ្លងនៃជំងឺ កូវីដ-១៩ ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាក្តី ហើយអត្រានៃការព្យាបាលអ្នកជំងឺនេះ បានជាសះស្បើយនៅសល់តែ២នាក់ទៀតប៉ុណ្ណោះ ក្តី ក៏មិនត្រូវធ្វេសប្រហែស ហើយគិតស្រាលថាជំងឺនេះ មិនអីទេនៅក្នុងប្រទេសកម្ពុជា ឬគិតថា កម្ពុជាជាប្រទេសក្តៅមិនងាយឆ្លង គឺមិនដូច្នេះទេ។
សម្ដេចតេជោ បញ្ជាក់ថា ព្រោះជំងឺនេះជាជំងឺកាចសាហាវ ហើយងាយឆ្លងពីម្នាក់ទៅម្នាក់ លឿនខ្លាំងណាស់។សម្ដេចថា មកទល់ពេលនេះទាំងកម្ពុជា និងពិភពលោក គឺកំពុងរួមដៃគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ហើយថ្នាំព្យាបាលជំងឺនេះ ក៏មិនទាន់រកឃើញនៅឡើយដែរ។
ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា «ដូច្នេះជំងឺដ៏កាចសាហាវនេះ នៅតែបន្តយាយីអាយុជីវិតពលរដ្ឋនៅទូទាំងពិភពលោក ដែលប្រទេសមួយចំនួនធំកំពុងបិទ ប្រទេសគេនៅឡើយ»។
នាយករដ្ឋមន្ដ្រី អំពាវនាវឲ្យប្រជាពលរដ្ឋនៅកម្ពុជា បន្តពាក់ម៉ាស ឬក្រមាការពារ និងដុស លាងសម្អាតដៃដោយទឹកអាល់កុល ឬទឹកជឹលសម្អាតកម្ចាត់មេរោគ នឹងបាក់តេរីផ្សេងៗឲ្យ បានជាប្រចាំ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ ដែលនាំមកនូវការសោកស្តាយអស់មួយ ជីវិត។
បន្ថែមពីនេះ នាយករដ្ឋមន្ដ្រី ស្នើឲ្យប្រជាពលរដ្ឋត្រូវ រាយការណ៍មកក្រសួងសុខាភិបាល ជាបន្ទាន់ ក្នុងករណីមានការសង្ស័យណាមួយ តាមរយៈលេខ ១១៥ ៕ E B