(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យបញ្ចេញក្រុមគ្រូពេទ្យរបស់យោធា ដើម្បីធ្វើអន្តរាគមន៍ ជួយដល់គ្រូពេទ្យស៊ីវិល ដែលកំពុងតែប្រយុទ្ធនឹងកូវីដ១៩។ នេះជាការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ តាមរយៈសារសំឡេងផ្ញើជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

តាមរយៈសារសំឡេងសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា “ខ្ញុំបានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងទ័ពជើងគោក រៀបចំកន្លែងព្យាបាលចំនួនពីរកន្លែងបន្ថែមទៀត គឺយកសណ្ឋាគារធ្វើជាកន្លែងសម្រាប់សម្រាកព្យាបាលនៅរាជធានីភ្នំពេញ ដែលមានចំនួនគ្រែលើស២០០រយកន្លែង”។

សម្តេចតេជោ បានបន្តថា ដោយសារគ្រូពេទ្យស៊ីវិល មិនមែនព្យាបាលតែជំងឺកូវីដ១៩ទេ គឺទទួលបន្ទុកព្យាបាលជំងឺផ្សេងៗផងដែរ។ សម្តេចតេជោ បានឱ្យដឹងថា សម្ដេចពិជ័យសេនា ទៀ បាញ់ បានរៀបចំរួចហើយនូវវេជ្ជបណ្ឌិត និងគ្រូពេទ្យ ចំនួន ៣០ក្រុម ដើម្បីមកជួយដល់ខាងផ្នែកស៊ីវិល។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើការពិភាក្សាគ្នា ហើយប្រគល់ភារកិច្ចឱ្យខាងកងទ័ពគ្រប់គ្រងនិងរៀបចំតែម្ដង។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា “យើងប្រើប្រាស់វេជ្ជបណ្ឌិត និងគ្រូពេទ្យ ដើម្បីគ្រប់គ្រងនៅកន្លែងសម្រាប់ព្យាបាលកូវីដ១៩ ផងដែរ”។

ដោយឡែកកម្លាំងដែលត្រៀមនៅសល់ សម្ដេចតេជោ ហ៊ុន សែន ក៏បានឱ្យត្រៀមទៅតាមគោលដៅដែលមានហានិភ័យខ្ពស់ផ្សេងៗ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ក្រុមគ្រូពេទ្យយោធា ដែលជួយការងារនេះ ក៏នឹងស្ថិតនៅក្រោមការគ្រប់គ្រងដោយមេបញ្ជាការកងទ័ពជើងគោក គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ចាត់ចែងនិងប្រើប្រាស់។ 

ស្របជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រៀបចំនូវសម្ភារបរិក្ខាដើម្បីបំពាក់ឲ្យកម្លាំងប្រមាណជា ៣រយនាក់ ដែលស្មើនឹង៣០ក្រុមនេះផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ