បើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋមន្រ្តីសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ក៏កំពុងតែស្ថិតក្រោមការធ្វើចត្តាឡីស័ក ១៤ថ្ងៃផងដែរ ក្រោយពីបានបើកកិច្ចជំនួបមួយ ជាមួយអភិបាលខេត្ត សាមុត សាខន (Samut Sakhon) លោក វីរ៉ាសាក់ វីជីតសែងស្រ៊ី (Weerasak Wijitsaengsri) ដែលទើបតែរកឃើញថាឆ្លងជំងឺ COVID-19។

រដ្ឋាភិបាលថៃនៅថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន ១៤៤ករណីថែមទៀត ធ្វើឲ្យចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ បន្តកើនដល់ ៦,២៨៥ករណី។ 

ទីភ្នាក់ងារទទួលបន្ទុកគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះមាន ១១៥ករណីជាករណីឆ្លងក្នុងសហគមន៍, ១៤ករណីជាពលករចំណាកស្រុក និង ១៥ករណីជាករណីដែលកំពុងធ្វើចត្តាឡីស័ក ក្រោយធ្វើដំណើរមកពីក្រៅប្រទេស។ 

គួរបញ្ជាក់ថា បើគិតចាប់ពីចន្លោះថ្ងៃទី១៥-២៧ ខែធ្នូ ចំនួនករណីឆ្លងក្នុងសហគមន៍ ត្រូវបានរកឃើញនៅក្នុងខេត្ត-ក្រុងរហូតដល់ទៅ ៤៣ របស់ប្រទេសថៃ។ ក្នុងចំណោមអ្នកឆ្លង COVID-19 សរុប ៦,២៨៥នាក់នៅប្រទេសថៃ ៤,១៨០នាក់បានជាសះស្បើយឡើងវិញ, ២,០៤៥នាក់ កំពុងសម្រាកព្យាបាល និង៦០នាក់បានស្លាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ