សមាគមភស្ដុភារកម្មកម្ពុជា ព្រួយបារម្មណ៍អំពីស្ថានភាពអាជីវកម្ម ក្នុងវិស័យដឹកជញ្ជូនកម្ពុជា
ភ្នំពេញ ៖ សមាគមភស្ដុភារកម្មកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នេះ បានព្រួយបារម្មណ៍ អំពី ស្ថានភាពអាជីវកម្ម ក្នុងវិស័យភស្តុភារកម្ម (Logistics) និងដឹកជញ្ជូនកម្ពុជា។
សមាគមភស្ដុភារកម្មកម្ពុជា លើកឡើងបែបនេះ ក្រោយពី ការរីករាលដាលនៃជំងឺ កូវីដ-១៩ (Covid-19) បានជះឥទ្ធិពលយ៉ាងអាក្រក់ និងផលប៉ះពាល់យ៉ាងខ្លាំងមកលើវិស័យសេដ្ឋកិច្ច សកលលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ វិស័យភស្តុភារកម្ម (Logistics) និងដឹកជញ្ជូនគឺ ជាផ្នែកមួយដែលរងគ្រោះនិងប៉ះពាល់លឿនជាងគេមួយក្នុងចំណោមវិស័យដទៃៗទៀត។ដូចគ្នាផងដែវិស័យភស្តុភារកម្ម (Logistics) និងដឹកជញ្ជូនកម្ពុជា បាននិងបន្តទទួលរងនូវ ផលប៉ះពាល់ជាបន្តបន្ទាប់គួរឲ្យព្រួយបារម្មណ៍បំផុត។ ក្នុងរយៈពេលដ៏ខ្លីស្ថានភាព អាក្រក់ៗ បានបាញ់តម្រង់មកលើផ្នែកនេះពីគ្រប់ទិសទី ដោយគ្មានដំណោះស្រាយសមស្រប និងមិ នបានត្រៀមខ្លួនទុកជាមុន។
ក្នុងវិស័យដឹកជញ្ជូន សមាគមភស្ដុភារកម្មកម្ពុជា ៨ចំណុច រួមមាន ៖
ទី១-ការផ្តើមពីការបិទការផ្កត់ផ្តង់វត្ថុធាតុដើមនាំចូលពីប្រទសចិន បានធ្វើឲ្យវិស័យដឹកជញ្ជូន បាត់បង់ការងារមួយចំនួនធំដោយសារវិស័យកាត់ដេរជាឧស្សាហកម្មដ៏ធំទីមួយរបស់កម្ពុជាដែលផ្តល់ការងារសេវាកម្ម ឡូជីស្ទីក និងដឹកជញ្ជូនបានរាប់រយក្រុមហ៊ុន។
ទី២-មិនយូរប៉ុន្មាន វិស័យអាកាសចរណ៍មួយចំនួនធំបានផ្អាកការហោះហើរ ដែលធ្វើឲ្យ ក្រុមហ៊ុនសេវាជើងសារលើការដឹកជញ្ជូនតាមផ្លូវអាកាសទាំងអស់ត្រូវបានបាត់បង់អាជីវកម្ម និងរងការខាតបង់ជាទម្ងន់ក្នុងការធានាការដឹកទំនិញតាមកិច្ចសន្យាទៅកាន់អតិថិជននៅក្រៅប្រទេសក្នុងកាលៈទេសៈ ដែលតំលៃដឹកជញ្ជូនតាមផ្លូវអាកាសមានការកើនឡើងជាគំហុក។
ទី៣-ដោយសារការរីករាលដាលនៃជំងឺនេះកាន់តែខ្លាំងឡើងបានធ្វើឲ្យ មានការរឹតបន្តឹង និងបិទច្រកព្រំដែនគោកភ្លាមៗ ដែលប្រការនេះជាបញ្ហាមិនអាចបន្ទោសអ្នកណាម្នាក់បាន។
ទី៤-ដោយសារបុគ្គលិកជាទ្រព្យដ៏មានតំលៃបំផុតមួយសម្រាប់ក្រុមហ៊ុន ហេតុនេះការយក ចិត្តទុកដាក់រក្សាការពារសុខភាពពួកគេជារឿងអាទិភាព ទោះបីត្រូវបន្ថែមចំណាយ ដោយឥតព្រៀងទុក លើការទិញថ្នាំសម្លាប់មេរោគ ម៉ាស់ ស្រោមដៃ អាល់កុល-ល- លើសពីនេះទៅទៀតការអនុញ្ញាតឲ្យកាត់បន្ថយការធ្វើការងារនៅក្នុងការិយាល័យ ដែលជះឥទ្ធិពលដល់ដំណើរការប្រតិបត្តិការអាជីវកម្ម យ៉ាងណាក្តីក៏ក្រុមហ៊ុនត្រូវចាត់ វិធានការដោយគ្មានរារែកផងដែរ។ ផ្ទុយទៅវិញការចំនាយលើប្រាក់ខែបុគ្គលិក, ការប្រាក់ធនាគារ, ចំណាយជួលការិយាល័យ, និងចំណាយផ្សេងៗ នៅខ្ពស់ដដែល។
ទី៥-ការផ្អាកការនាំចេញទំនិញរបស់រោងចក្រកាត់ដេរ ស្បែកជើង សម្ភារៈធ្វើដំណើរ ទៅកាន់ ទីផ្សារ អាមេរិច និងអឺរ៉ុប (ដោយសារអ្នកបញ្ជាទិញផ្អាកការនាំចូល) បានធ្វើឲ្យក្រមហ៊ុន ដឹកជញ្ជូន បាត់បង់សកម្មភាពអាជីវកម្មដឹកជញ្ជូនកាន់តែធ្ងន់ធ្ងរឡើងថែមមួយកម្រិតទៀត។
ទី៦-បន្ថែមពីលើផលលំបាកនៃការខាតបង់ អតិថិជនភាគច្រើនបានអូសបន្លាយ ពេលវេលាក្នុងកា រទូទាត់ថ្លៃសេវា មកកាន់ក្រុមហ៊ុន ជាហេតុបង្កឲ្យមានការកកស្ទះនៃលំហូរសាច់ប្រាក់ ដែលជាកត្តាធ្វើឲ្យក្រុមហ៊ុន ភាគច្រើនគ្មានសាច់ប្រាក់ដើម្បីបង់សងកម្ចីត្រលប់ទៅឲ្យធនាគារវិញផងដែរ។
ទី៧-បើងាកមកមើលទៅជ្រុងខាងលើដែលពាក់ព័ន្ធនឹងក្រសួងស្ថាប័នរដ្ឋាភិបាលវិញ ការចាយវាយកម្រៃក្នុងការងាររត់ការ ជើងសារដើម្បីបំពេញបែបបទបញ្ចេញទំនិញ គ្មានការបន្ថូរបន្ថយសោះឡើយ។
និងទី៨-អ្វីដែលកាន់តែជាបន្ទុកធ្ងន់ធ្ងរ សម្រាប់គ្រប់វិស័យឡូជីស្ទីក ក៏ដូចជាវិស័យដទៃៗ ទៀតនោះគឺ ការចុះធ្វើសវនកម្មគ្រប់ប្រភេទពីអគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារជា បន្តបន្ទាប់ បានធ្វើឲ្យម្ចាស់អាជីវកម្មទាំងអស់ខ្លាចជាងជំងឺកូវីដ១៩ ទៅទៀត។
ដោយមើលឃើញនូវទុក្ខលំបាកទាំងនេះ សមាគមភស្ដុភារកម្មកម្ពុជា សូមចែករំលែកនូវការ ព្រួយបារម្មណ៍ ជាអតិបរមាទៅកាន់ ម្ចាស់អាជីវកម្មក្នុង វិស័យភស្តុភារកម្ម ( Logistics) និងដឹកជញ្ជូនទាំងអស់ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ និងស្នើសុំការសហការជួយ គ្នាទៅវិញទៅមក ដើម្បីហែលឆ្លងកាត់គ្រាអាសន្ន នៃគ្រោះចង្រៃមួយនេះទាំងអស់គ្នា៕ E B