ក្លិបបាល់ទាត់ Fulham បានធ្វើការតែងតាំងលោក Claudio Ranieri ជាគ្រូបង្វឹកជំនួសអតីតគ្រូបង្វឹករបស់ខ្លួនលោក Slavisa Jokanovic ដែលត្រូវបានបណ្តេញចេញ ក្រោយដឹកនាំក្រុមមួយនេះមិនជោគជ័យសោះនៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស។

« វាគឺកិត្តិយសមួយដែលបានទទួលយកសំណើរពីម្ចាស់ក្លិបលោក Shahid Khan និងជាឱកាសមួយក្នុងការដឹកនាំក្រុម Fulham ដែលជាក្លិបដែលមានប្រវត្តិសាស្ត្រអស្ចារ្យ មួយ » អតីតគ្រូបង្វឹក Nantes បានថ្លែងប្រាប់គេហទំព័រផ្លូវការរបស់ក្លិប។

« គោលបំណងដែលមកកាន់ក្លិប Fulham មិនមែនគ្រាន់តែឲ្យរួចផុតពីការកាត់ចេញនោះទេ។ យើងត្រូវតែបន្តនៅទីនេះដើម្បីក្លាយជាក្រុមមួយដែលពិបាកសម្រាប់គូប្រជែង និងក្លាយជាក្រុមមួយដែលជោគជ័យថែមទៀត។ កីឡាកររបស់ក្លិបមានទេពកោសល្យពិសេសដែលផ្ទុយទៅនឹងសមត្ថភាពរបស់ខ្លួននៅក្នុងតារាងចំណាត់ថ្នាក់នេះ។ ខ្ញុំដឹងថាក្រុមមួយនេះមានសមត្ថភាពល្អប្រសើរជាមុន ពួកយើងនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីរៀបចំទទួលក្រុម Southampton នៅក្នុងផ្ទះរបស់ពួកយើងផងដែរ »។ លោក Ranieri បានបន្ថែម។

សូមរំលឹកថា លោក Claudio Ranieri ធ្លាប់ដឹកនាំក្រុមជាច្រើនដូចជា Inter Milan, Chelsea, Leicester City និង Nantes ហើយក៏ធ្លាប់ជួយឲ្យក្រុមកញ្ជ្រោង Leicester City គ្រងជើងឯក English Premier League រដូវកាល ២០១៥-២០១៦ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិបផងដែរ បន្ទាប់ពីជួយឲ្យក្រុមមួយនេះឡើងមកកាន់លីគកំពូលអង់គ្លេសក្នុងឆ្នាំដដែល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ