ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហាញក្តីសង្ឃឹមថា វីរកងទ័ពកម្ពុជាទាំង១៨រូបដែលយោធាថៃចាប់ខ្លួនក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នឹងត្រូវភាគីថៃដោះលែងមកវិញឆាប់ៗនេះ។

សម្តេច បន្តថា ការលើកឡើងរបស់សម្តេចនេះ ដោយសារមានមតិមួយចំនួនបានបើកការវាយប្រហារមកលើកកម្ពុជាថា បានដោះដូរដីនៅចំណុចណាមួយជាមួយភាគីថៃ ដើម្បីជាថ្នូរនឹងព្រមព្រៀងសន្តិភាពដែលនឹងចុះហត្ថលេខានៅពេលខាងមុខក្នុងកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ី ក្នុងនោះក៏ចំណុចនៃការដោះលែងទ័ពកម្ពុជាទាំង១៨រូបនេះផងដែរ។

សម្តេច នាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា “យើងសង្ឃឹមថា ការដោះលែងគាត់នឹងបានវិលត្រឡប់មកវិញឆាប់ៗខាងមុខនេះ ។ យើងមិនបន្តបោះបង់គាត់ចោលនោះទេ ។ នេះគឺជាការស្តារឡើងវិញ ។ ចឹងខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាសូមឲ្យជឿលើរដ្ឋាភិបាល ។ យើងមិនបានបោះបង់សិទ្ធិរបស់យើង ឬមួយបោះបង់ការចរចាបទឈប់បាញ់ ឬសន្តិភាពក្នុងការដោះដូរដីទេ”។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ២០ តុលានេះ គឺជាថ្ងៃទី៨៣ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ ជាមួយនឹងការចាប់ខ្លួននេះ កម្ពុជានៅតែបន្តអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ