វិធីសាស្ដ្រក្នុងការជ្រើសរើសជំនាញ សម្រាប់អាជីពការងារដ៏សាកសម
ការជ្រើសរើសនូវជំនាញ សម្រាប់អាជីពការងារពេញមួយជីវិតរបស់មនុស្សយើងម្នាក់ៗ គឺជារឿងដែលសំខាន់ និងមិនអាចមើលរំលងបាន ប្រសិនបើជ្រើសរើសត្រឹមត្រូវ អ្នកនឹងត្រូវខាតបង់ពេលវេលា ប្រាក់កាស ឬក៏អាចទទួលនូវវិប្បដិសារីដ៏ធំធេង ចំពោះការឋិតនៅក្នុងបរិយាកាសការងារ ដែលមិនត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្លួន។
ផ្អែកលើបទពិសោធន៍ និងការសិក្សាស្រាវជ្រាវ មានកត្តាសំខាន់ៗចំនួន៤ ដែលយើងត្រូវគិតពិចារណា ដើម្បីជ្រើសរើសជំនាញមួយដ៏សមស្រប៖
១៖ ទេពកោសល្យពីធម្មជាតិ៖ មនុស្សម្នាក់ៗ តែងមានទេពកោសល្យពីកំណើតខុសៗគ្នា អ្នកខ្លះក៏ពូកែខាងគិតលេខ គណនាលំហាត់ ឬដោះស្រាយបញ្ហានានាទាក់ទងនឹងមុខវិជ្ជាពិត រីឯអ្នកខ្លះក៏ពូកែខាងសិល្បះ គំនូរ ឬក៏តន្ត្រីជាដើម ដែលជាហេតុធ្វើឱ្យមនុស្សយើងម្នាក់ៗ ចាប់យកអាជីពផ្សេងៗគ្នា។ មុនពេល ចាប់យកជំនាញណាមួយ យើងគប្បីធ្វើការវិនិច្ឆ័យ ថាតើលក្ខណះគោលនៃជំនាញនោះ ពិតជាត្រូវនឹងទេពកោសល្យពីធម្មជាតិរបស់យើងឬទេ។
២៖ ចំណង់ចំណូលចិត្ត៖ មនុស្សជាច្រើន ជាពិសេសប្អូនៗរៀនថ្នាក់វិទ្យាល័យ តែងសួរខ្លួនឯងថា «តើខ្ញុំគួររៀនជំនាញអ្វី?» អ្នកគួរតែ ចំណាយពេលខ្លះ ដើម្បីស្វែងរកចំណង់ចំណូលចិត្តពិតប្រាកដរបស់អ្នក ហើយគួរតែចំណាយពេលធ្វើការងារអ្វី ដែលទាក់ទងនឹងវា ព្រោះថាវានឹងផ្តល់នូវលទ្ធផល ដែលហួសការរំពឹងទុក។
៣៖ តម្រូវការទីផ្សារការងារ៖ ដោយសារតែបច្ចុប្បន្ន ប្រទេសយើង ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ មានជំនាញជាច្រើន ដែលឋិតនៅក្នុងតម្រូវរបស់វិនិយោគិនទូទៅ តែក៏មានជំនាញមួយចំនួនមិនទាន់ឋិតនៅក្នុងតារាងតម្រូវការជាចាំបាច់ផងដែរ។ តើជំនាញនោះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងណាខ្លះនាពេលអនាគត?
៤៖ ជ្រើសរើសសាលា/មហាវិទ្យាល័យត្រឹមត្រូវ៖ ការជ្រើសរើសសាកលវិទ្យាល័យគឺជាជំហានសំខាន់បំផុតមួយក្នុងអាជីពរបស់អ្នកជំនាញនាពេលអនាគត មហាវិទ្យាល័យ នោះត្រូវតែមានការទទួលស្គាល់ ពីគ្រប់ស្ថាប័នការងារទាំងស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងនៅក្នុងស្រុក និងអន្តរជាតិ៕SP