ភ្នំពេញ ៖ លោក ស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាព អឺរ៉ុប ប្រចាំកម្ពុជា (EU) បានយល់ថា ជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក កឹម សុខា ជាចំណុចវិជ្ជមាន ហេីយក៏ជាជំហានទី១ ផងដែរ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក មុត ចន្ថា នាយកខុទ្ទកាល័យកឹម សុខា ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក កឹម សុខា នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២០ លោកស្រី Carmen Moreno មានប្រសាសន៍ថា “សាទរចំពោះជំនួបរវាងឥស្សរជនខ្មែរទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម កឹម សុខា នៅថ្ងៃទី៥ ខែឧសភា ដោយយល់ថាជាវិជ្ជមានជាជំហានទី១”។
ក្នុងជំនួបនេះ លោក កឹម សុខា និង ឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នា អំពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន និងទៅអនាគត។
សូមរំលឹកថា នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅថ្មីនេះ លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្រ្គោះជាតិ បានដឹកនាំសមាជិករបស់លោកមួយចំនួន ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧ បាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាមាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅភូមិគ្រឹះសម្តេចតេជោ៕EB