ក្រសួងពាណិជ្ជកម្ម ជំរុញផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ពិសេស បង្កើនប្រាក់ចំណូលជូនកសិករ
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងពាណិជ្ជកម្មជំរុញផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបង្កើនប្រាក់ចំណូលជូនកសិករខ្មែរ ហើយនាពេលកន្លងមក ទីផ្សារបន្លែក្នុងស្រុកមានតម្រូវការខ្ពស់។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការផ្គត់ផ្គង់ និងការបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា «ក្រសួងពាណិជ្ជកម្មជំរុញផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបង្កើនប្រាក់ចំណូលដល់បងប្អូនកសិករផលិតរបស់យើង ដែលអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា»។
លោកបន្ដថា «កន្លងមកទីផ្សារបន្លែក្នុងស្រុកមានតម្រូវការខ្ពស់ ប៉ុន្តែការផ្គត់ផ្គង់មិនទាន់មានភាពជាក់លាក់ និងនៅមានកម្រិតទាំងបរិមាណ និងគុណភាព ដែលធ្វើឱ្យតម្លៃកសិផលដែលកសិករផលិតបានមិនប្រាកដប្រជា។ ក្រសួងពាណិជ្ជកម្មដែលដឹកនាំប្រតិបត្តិគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានចាប់ផ្តើមធ្វើកិច្ចការដោយផ្ទាល់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ការផលិតនិងទីផ្សារ»។
ជាងនេះទៅទៀត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានលើកឡើងថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ផ្សារកសិផលនិងចំណីអាហារ និងក្រុមហ៊ុន លី លី ហ៊្វូដអ៊ិនដាសទ្រី ខូ អិល ធីឌី ស្តីពីការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ នៅលើទឹកដីសៀមរាបអង្គរ គឺជាសមិទ្ធផលមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ក្នុងការតភ្ជាប់ក្រុមអ្នកផលិត អ្នកប្រមូលទិញ និងរោងចក្រកែច្នៃ ដែលជាកិច្ចការដ៏មានអត្ថប្រយោជន៍ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការបង្កើនចំណូលជូនដល់ប្រជាជននៅមូលដ្ឋាន៕EB