ភ្នំពេញ ៖ ពាក់ព័ន្ធនឹងរឿងដែរទាហានថៃ ៣នាក់ បានរងរបួសអំឡុងប្រតិបត្តិការល្បាតដោយសារតែជាន់គ្រាប់មីន នៅតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា, លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងចោទសួរទៅភាគីថៃថា «តើការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បេីសិនជាក្នុងទឹកដីសៀម គ្រាប់មីនចាស់ ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទេីបដឹងច្បាស់»។

មេស៉ីម៉ាក់កម្ពុជា លោក ហេង រតនា បានបញ្ជាក់លើកឡើងថា «បន្ទាប់ពីមានទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជេីងម្នាក់ និងរបួស២នាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ម្សិលមិញនេះ ភាគីសៀមខ្លះបានបញ្ជាក់ថា គ្រាប់មីនចាស់សំណល់សង្គ្រាម មានក្រុមខ្លះថាជាគ្រាប់មីនទេីបដាក់ថ្មី ដោយសារដីនោះបានបោសម្អាតមីនរួចហេីយ។មានអ្នកសារព័ត៌មានខ្លះបានសួរមកខ្ញុំឱ្យធ្វេីការបកស្រាយ! ខ្ញុំគ្រាន់តែសួរត្រឡប់ទៅវិញថា ការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បេីសិនជាក្នុងទឹកដីសៀម មែននោះ ដូចនេះករណីគ្រាប់មីនចាស់ ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទេីបដឹងច្បាស់»។

សូមបញ្ជាក់ដែរថា តាមកាសែតថៃ Khaosod បានឱ្យដឹងថា កាលពីថ្ងៃពុធ ទី១៦ ខែកក្កដា ថាទាហានថៃ ៣នាក់ បានរងរបួសអំឡុងប្រតិបត្តិការ ល្បាតដោយសារតែជាន់គ្រាប់មីន។ ទាហានថៃទាំង៣នាក់ខាងលើត្រូវបានបញ្ជូនចេញពីមូលដ្ឋានប្រតិបត្តិការ Morakot ឆ្ពោះទៅកាន់ភ្នំលេខ ៤៨១ ស្ថិតនៅបណ្ដោយព្រំដែនកម្ពុជា និងថៃ ក្នុងខេត្ត Ubon Ratchathani។ ហេតុការណ៍ជាន់គ្រាប់មីននេះ ជាអតីតសមរភូមិសង្រ្គាម ខណៈគ្រាប់មីនមួយចំនួននៅតែបន្តកប់នៅក្រោមដី ដោយពិបាកនឹងស្វែងរក និងបំផ្ទុះចោល៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ