ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះស្រាវជ្រាវទីតាំងសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៦កន្លែង ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៦៣នាក់
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៦កន្លែង ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ជាលទ្ធផល៖
-ឃាត់ខ្លួនមនុស្សសរុប ៦៤នាក់ (ស្រី ១៦នាក់) មានសញ្ជាតិវៀតណាម ៦៣នាក់ និងខ្មែរ ១នាក់។ ក្នុងចំណោមនេះ មានជនអន្តោប្រវេសន៍ខុសច្បាប់ ១នាក់ ។
- រកឃើញសម្ភារៈបច្ចេកវិទ្យាមួយចំនួនសម្រាប់បម្រើឲ្យការប្រព្រឹត្តបទល្មើសដូចជា កុំព្យូទ័រ ៨៧គ្រឿង ទូរស័ព្ទ ៥៨គ្រឿង និងសម្ភារៈផ្សេងៗទៀត ។
- រកឃើញសង្ស័យជាសារធាតុញៀនចំនួន ២៨គ្រាប់ និងលិខិតឆ្លងដែន ៣៤ក្បាល ។
សូមបញ្ជាក់ថា ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបាននាំមក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់តាមផ្លូវច្បាប់ ៕