ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារ បង្កេីតភាពកកកុញមនុស្សច្រេីន ព្រោះមានហានិភ័យកាន់តែខ្ពស់ ក្នុងការឆ្លងវីរុសកូវីដ-១៩
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារ បង្កេីតភាពកកកុញមនុស្សច្រេីន ជម្រុញហានិភ័យកាន់តែខ្ពស់ឡេីង ក្នុងការឆ្លងវីរុសកូវីដ-១៩ ។
តាមសារតេឡេក្រាម នាថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារដែលបង្កេីតបានជាភាពកកកុញមនុស្សច្រេីន ជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡេីងថែមទៀតដល់បងប្អូនក្នុងការឆ្លងវីរុសកូវីដ-១៩ »។
លោកស្រី រៀបរាប់ថា ប្រជាពលរដ្ឋ អាចនឹងឆ្លងជំងឺកូវីដ-១៩ បានគ្រប់ពេលនៅពេលដែលនៅកន្លែងប្រជ្រៀតគ្នាខ្លាំងពេកនោះ ឫកន្លែងដែលមិនមានគម្លាតគ្នាពីមួយម៉ែត្រកន្លះឡេីង ហេីយមិនមានពាក់ម៉ាស់ និងលាងដៃញឹកញាប់ទេនោះ។
លោកស្រីបន្ដថា «សូមត្រូវចងចាំថា វីរុសកូវីដ-១៩ សប្បាយចិត្តខ្លាំង ចូលចិត្តខ្លាំង និងពេញចិត្តជាទីបំផុត ក្នុងការដេីរចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត បានយ៉ាងងាយស្រួលដោយមិនមានរបាំងហាមឃាត់ ឫសម្លាប់វីរុសដ៏សាហាវនេះនោះ»។
លោកស្រីក៏បានផ្ដាំផ្ញេីថា ត្រូវជឿជាក់លេីវិធានការរបស់រាជរដ្ឋភិបាល ដែលមានការគិតគូរត្រឹមត្រូវ នឹងមិនបិទជិតឈឹងមិនឱ្យមានវិធីក្នុងការរកម្ហូបអាហារទទួលទាននោះឡេីយ ។
លោកស្រី ឱ វណ្ណឌីន បន្ថែមថា ប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តវិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងការពារកូវីដ-១៩ + ចូលឆ្នាំនៅផ្ទះ ដេីម្បីឈ្នះការវ៉ៃលុកកូវីដ-១៩ ដោយបុគ្គលមានការទទួលខុសត្រូវខ្ពស់សម្រាប់សុខភាពផ្ទាល់ខ្លួន សុខភាពគ្រួសារខ្លួន និងដេីម្បីសហគមន៍កម្ពុជា៕