(មានវីដេអូ) សមាគមភស្តុភារកម្មកម្ពុជា ស្នើសុំលើកលែងនិងពន្យាពេលការចុះបញ្ជីស្នើសុំអាជ្ញាប័ណ្ណអាជីវកម្មCASOពីរដ្ឋលេខាធិការដ្នានអាកាសចរណ៍ស៊ីវិល
សមាគមភស្តុភារកម្មកម្ពុជា (Cambodia Logistics Association) ហៅកាត់ថា CLA ដែលជាសមគមជាតិមួយធ្វើប្រតិបត្តិការលើការងារគាំពារអ្នកប្រកបមុខរបរដឹកជញ្ជូនទំនិញជាតិ អន្តរជាតិ និងសេវាកម្មជើងសារគយ បានធ្វើលិខិតផ្លូវការមួយជូន រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីសុំអនុញ្ញាតក្នុងការ លើកលែង និងពន្យាពេលចំពោះ ការអនុវត្តការចុះបញ្ជីស្នើសុំអាជ្ញាប័ណ្ណអាជីវកម្ម ឈ្មោះថា Certificate of Aeronautical Service Operator -ហៅកាត់ថា CASO ដោយសារតែវិបត្តិនៃ ជំងឺកូវីដ-១៩ និងកត្តាគួបផ្សំពីការអនុវត្តការកាត់ចេញផ្នែកខ្លះនៃ EBA ពីសហគមន៍អឺរ៉ុប នេះបើយោងតាមលិខិតលេខ 021/20 សភក ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ របស់សមាគមដែល អង្គភាពសារព័ត៌មាន NP ទទួលបាន។
សមាគមបានធ្វើការរៀបរាប់ក្នុងលិខិតខាងលើថាៈ វិបត្តិនៃរលកទីពីរនៃជំងឺកូវីដ-១៩ នៅតែបន្តរីករាលត្បាតកាន់តែខ្លាំងឡើងៗ ដែលបានធ្វើឲ្យសេដ្ឋកិច្ចសកលលោក ព្រមទាំងកម្ពុជាបន្តធ្លាក់ចុះគួរឲ្យព្រួយបារម្ហណ៍បំផុត។ ដោយសារស្ថានការណ៍ដ៏សែនអាក្រក់នៃជំងឺនេះ បានធ្វើឲ្យវិស័យភស្តុភារកម្មនិងដឹកជញ្ជូនកម្ពុជា កាន់តែបន្តរងគ្រោះខ្លាំងឡើង បន្ថែមដោយកត្តាគួបផ្សំមួយចំនួនទៀតដូចជាការអនុវត្តនៃការកាត់ចេញផ្នែកខ្លះនៃ EBA ពីសហគមន៍អឺរ៉ុបផងដែរ។
សមាគមបានសំដែងនូវក្តីបារម្ហណ៍ថាៈ យោងតាមការសិក្សា ពីបណ្តាក្រសួង-ស្ថាប័ន ជាតិ-អន្តរជាតិនានា ការធ្លាក់ចុះនៃវិស័យសេដ្ឋកិច្ចដោយសារវិបត្តិនេះ នឹងអាចធ្វើឲ្យផលប៉ះពាល់អូសបន្លាយក្នុងរយៈពេលយូរ ទំរាំអាចចាប់ផ្តើមស្តារ ឡើងវិញបាន ហេតុនេះបានជាកន្លងមក សមាគម បានព្យាយាមក្នុងការរិះរកមធ្យោបាយ ក្នុងការគាំពារ និងធ្វើកិច្ចសហប្រតិបត្តិការនានា ដើម្បីធ្វើយ៉ាងណាធានាបាននូវនិរន្តរ៍ភាពអាជីវកម្ម ក្នុងវិស័យភស្តុភារកម្មនិងដឹកជញ្ជូនកម្ពុជា ដើម្បីបន្តដំណើរជាមួយរាជរដ្ឋាភិបាលក្នុងបេសកកម្មអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើឡើងថែមទៀត។ ជាក់ស្តែង សមាគម ក៏បានទទួលរួចមកហើយនូវការសម្រេចដ៏ខ្ពង់ខ្ពង់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការអនុញ្ញាតលើកលែងកម្រៃអាជ្ញារប័ណ្ណជើងសារគយឆ្នាំសម្រាប់ ២០១៩ និង២០២០ ដល់វិស័យនេះ។
យោងតាមការបញ្ជាក់បន្ថែមពី អគ្គលេខាធិការសមាគម បានឲ្យ អង្គភាពសារព័ត៌មាន NP ដឹងតាមរយៈប្រព័ន្ធ Telegram ថាៈ យើងមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាល តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងជួយពួកយើង ព្រោះនេះជារឿងរួមរបស់វិស័យទាំងមូល។ រាជរដ្ឋាភិបាល លោកយល់ច្បាស់ណាស់ពីបញ្ហារបស់វិស័យឯកជន ជាក់ស្តែងដូច អង្គភាពគយនិងរដ្ឋាករ ក៏បានអនុញ្ញាតលើកលែងកម្រៃអាជ្ញារប័ណ្ណជើងសារគយ សម្រាប់ឆ្នាំ២០១៩,២០២០ ឲ្យពួកយើងដែរ។
គួរបញ្ជាក់ផងដែរថាៈ សមាគមភស្តុភារកម្មកម្ពុជា ត្រូវបានប្តូរឈ្មោះមកពីសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ដែលចាប់បានចាប់ផ្តើមប្រតិបត្តិការជួយជ្រោមជ្រែងជ្រែងវិស័យ ដឹកជញ្ជូនទំនិញជាតិ អន្តរជាតិ និងសេវាកម្មជើងសារគយ ចាប់តាំងពីឆ្នាំ២០០៤មក ហើយបច្ចុប្បន្នសមាគមមានសមាជិកដែលជាក្រុមហ៊ុនជាតិ និងអន្តរជាតិសរុបចំនួន ១១៥ក្រុមហ៊ុន និងជាសមាជិកនៃបណ្តាសហព័ន្ធសមាគមភស្តុភារកម្ម និងដឹកជញ្ជូនអាស៊ាន និងពិភពលោកផងដែរ។