ក្រសួងធម្មការ ប្រគេន-ជូនដំណឹងដល់មន្ទីរធម្មការ រាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយគ្រប់វត្តអារាម ឲ្យបញ្ឈប់ការប្រើប្រាស់រថយន្ដ ដែលបំពាក់ស្លាកលេខវត្ត
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា សូមប្រគេន-ជូនដំណឹង ព្រះមេគណ លោកប្រធានមន្ទីរធម្មការ និងសាសនា គ្រប់រាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយគ្រប់វត្តអារាមឲ្យបញ្ឈប់ការប្រើប្រាស់រថយន្ដដែលបំពាក់ ស្លាកលេខវត្ត មិនត្រឹមត្រូវ ដោយដាក់ឈ្មោះវត្តនៅលើរថយន្ដ ផ្ទុយនឹងស្មារតីនៃអនុក្រឹត្យស្ដីពី «ការចុះ បញ្ជីផ្ដល់បណ្ណសម្គាល់យានជិនិះ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះ»។
នាពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើដល់ក្រសួងធម្មការ និងសាសនា រៀបចំសេច ក្ដីជូនដំណឹងទៅវត្តអារាមទាំងឡាយឲ្យបញ្ឈប់ការប្រើប្រាស់រថយន្ដដែលបំពាក់ផ្លាកលេខវត្តមិនត្រឹមត្រូវ ផ្ទុយនឹងស្មារតីនៃអនុក្រឹក្យ រួចរៀបចំបែបបទស្នើសុំចុះបញ្ជីផ្ដល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាក លេខសម្គាល់យានជំនិះ មកក្រសួងសាធារណការ។
យោងតាមសេចក្ដីប្រគេន-ជូនដំណឹងរបស់ក្រសួងធម្មការ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ បាន ឲ្យដឹងថា កន្លងមកមានករណីប្រើប្រាស់ស្លាកលេខ ដោយដាក់ឈ្មោះវត្តនៅលើរថយន្ដដែលផ្ទុយពីស្មារ តីនៃអនុក្រឹត្យស្ដីពី «ការចុះបញ្ជីផ្ដល់បណ្ណសម្គាល់យានជិនិះ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះ» ត្រង់មាត្រា១៩ ដែលហាមប្រើប្រាស់ស្លាកលេខដែលច្នៃប្រឌិត ឬតុបតែងបន្ថែម ផ្ទុយពីផ្លាកលេខចេញ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន៕EB