ភ្នំពេញ ៖ អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ ចំនួន៣រូប បានធ្វើការស្នើសុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ដោយក្ដីអនុគ្រោះ។
សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោក សុន ឆ័យ អតីតតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងសមាជិកគណៈកម្មការនាយក២រូបទៀត នៃអតីតគណបក្សសង្គ្រោះជាតិ គឺលោក តាវ គឹមឈន និងលោក វ៉ា សាម៉ុន បានដាក់លិខិតទៅកាន់ សម្ដេចក្រឡាហោម ស ខេង ដើម្បីធ្វើនយោបាយឡើងវិញ។
សូមរំលឹកថា មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកន្លងមក មានដូចជា: លោក គង់ គាំ ,លោក គង់ បូរ៉ា ,លោក រៀល ខេមរិន្ទ្រ ,លោក ជីវ កត្តា ,លោក កង គឹមហាក់ ,លោក អ៊ូ ច័ន្ទរ័ត្ន ,លោក ច័ន្ធ សិលា ,លោក ស៊ិន សុវណ្ណនី និងលោកស្រី ទេព សិទ្ធី។
សូមបញ្ជាក់ថា មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ចំនួន១១៨នាក់ ដែលត្រូវដកហូតសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ដោយសាលដីកាតុលាការកំពូល កាលពីខែវិច្ឆិកាឆ្នាំ២០១៧៕EB