(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា អាស៊ាន បានសាងកំហុសចំនួនពីរ ក្នុងការដោះស្រាយបញ្ហាជាមួយមីយ៉ាន់ម៉ា។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានដកស្រង់មកផ្សាយជាសាធារណៈលើទំព័រហ្វេសប៊ុក ដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន, កំហុសចំនួនពីររបស់អាស៊ានក្នុងការដោះស្រាយបញ្ហាជាមួយមីយ៉ាន់ម៉ា ដែលលើកឡើងដោយសម្តេចតេជោ ហ៊ុន សែន នោះរួមមាន៖ ទី១៖ អាស៊ានបានដាក់លក្ខខណ្ឌជាមុន ដើម្បីបញ្ជូនតំណាងរបស់ខ្លួនទៅធ្វើការជាមួយរដ្ឋអំណាចមីយ៉ាន់ម៉ា និងទី២៖ នៅពេលអញ្ជើញចូលរួមប្រជុំកំពូលអាស៊ាន សំបុត្រអញ្ជើញមិនបានផ្ញើទៅឱ្យប្រមុខរដ្ឋមីយ៉ា់ន់ម៉ាផ្ទាល់ទេ តែផ្ញើទៅឱ្យអគ្គលេខាធិការក្រសួងការបរទេសមីយ៉ាន់ម៉ា ទៅវិញ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្តីបារម្ភចំពោះទម្លាប់មិនល្អរបស់អាស៊ានពាក់ព័ន្ធការកោះហៅសមាជិកចូលរួមប្រជុំអាស៊ាន ដូចករណីមីយ៉ាន់ម៉ានេះផងដែរ។ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលដកស្រង់មកផ្សាយបន្តដោយរដ្ឋមន្ត្រីព័ត៌មាន មានខ្លឹមសារបែបនេះ «ពាក្យថាអាស៊ាន គឺមាន១០ យើងមិនអាចទទួលបានអាស៊ាន៩ទេ។ បើយើងទទួលអាស៊ាន៩ ថ្ងៃក្រោយនឹងមានអាស៊ាន៨ រួច៧ ជាបន្តបន្ទាប់ ដោយហេតុថា ការអញ្ជើញប្រជុំកំពូលអាស៊ាន គឺជាសិទ្ធិសម្រេចរបស់ប្រធានប្រចាំឆ្នាំ មិនមែនមានយន្តការពិនិត្យសុពលភាពដូចអង្គការសហប្រជាជាតិនោះទេ។ ហេតុនេះ បើប្រធានមិនចូលចិត្តប្រទេសណាគាត់មិនអញ្ជើញពិតជាបាន»

គួររំលឹកថា ក្នុងពិធីសម្ពោធសណ្ឋាគារហៃយ៉ាត់ របស់ក្រុមហ៊ុនជីបម៉ុងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ស្នើសុំចិត្តអ្នកវិភាគទាំងឡាយ កុំអាល់បន្ទោសកម្ពុជា ហើយទុកលទ្ធភាពឱ្យកម្ពុជាដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ាសិន៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ