ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអំពីការចូលរួមសោកស្តាយនូវការបាត់បង់អាយុជីវិត របស់និស្សិតខ្មែរ នៅអ៉ីស្រាអែល និងខិតខំធ្វើយ៉ាងណា សម្របសម្រួលក្នុងការនាំយកសាកសពនិស្សិតខ្មែរ មកកាន់កម្ពុជាវិញដើម្បីធ្វើបុណ្យតាមប្រពៃណី ហើយរាល់បន្ទុកទាំងអស់ជារបស់រាជរដ្ឋាភិបាលតែម្តង។

តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានទទួលដំណឹងដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់និស្សិតខ្មែរម្នាក់ ដែលបានបាត់បង់ជីវិតដោយសារហេតុការណ៍ប្រយុទ្ធគ្នា រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើង កាលពីថ្ងៃទី០៧ ខែតុលា ម្សិលមិញនេះ។

សម្តេចធិបតី មានប្រសាសន៍ថា «ជាចុងក្រោយនេះ ចំពោះគ្រួសាររបស់និស្សិតរបស់យើង ដែលបានទទួលមរណភាព គឺខ្ញុំសូមសម្តែង នូវការសោកស្តាយជាពន់ពេក  ចំពោះការបាត់បង់ នៅកូន នៅបងប្អូននៅចៅជាទីស្រលាញ់ ហើយរាជរដ្ឋាភិបាល ខិតខំធ្វើយ៉ាងណា សហការជាមួយនឹងអាជ្ញាធរ អ៊ីស្រាអែល ដើម្បីសម្របសម្រួល ទៅតាមពេលវេលា ដែលអាចធ្វើទៅបាន ដើម្បីចាត់ចែងបុណ្យសព របស់និស្សិតដែលបានទទួលមរណភាពនោះ អោយបានសមរម្យ ហើយរាជរដ្ឋាភិបាល នឹងខិតខំ សម្របសម្រួល តាមលទ្ធភាព ដែលអាចធ្វើទៅបាន ជាមួយអាជ្ញាធររបស់អ៊ីស្រាអែល ដើម្បីធ្វើមាតុភូមិនិវត្តនៃសពរបស់និស្សិតរបស់យើងមកកាន់ប្រទេសកម្ពុជា ដែលអាចឲ្យគ្រួសាររៀបចំបុណ្យតាមប្រពៃណី ហើយកិច្ចការងារក្នុង ចាត់ចែង ការត្រឡប់ និងបុណ្យសពនេះជាបន្ទុករបស់រាជរដ្ឋាភិបាល»។

សូមរំលឹកថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា មាននិស្សិតខ្មែរម្នាក់ (ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ៤៥០នាក់ កំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល) បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ