រាជរដ្ឋាភិបាលកម្ពុជា ចុះកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទាន ៤៣លានដុល្លារ ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
ភ្នំពេញ ៖ លោក ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទាន សហប្រតិបត្តិការ សម្រាប់គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃសត្វ មានទឹកប្រាក់សរុបចំនួន ៤៣លានដុល្លារ។
ដោយទទួលបានការអនុញ្ញាតពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រោមការចាត់តាំងរបស់ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ប៉ែន ធីរុង្គ បានដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨ នៃក្រុមប្រឹក្សាទេសាភិបាល ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ឆ្នាំ២០២៣ កាលពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Sharm el-Sheikh នៃប្រទេសអេហ្ស៊ីប ក្រោមប្រធានបទ «កំណើនប្រកបដោយចីរភាពនៅក្នុង បរិការណ៍សេដ្ឋកិច្ចសាកលដ៏លំបាកមួយ (Sustainable Growth in a Challenging World)»។
ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨ នេះផងដែរ, នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោក ប៉ែន ធីរុង្គ និងតំណាងធនាគារ AIIB ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទាន សហប្រតិបត្តិការ សម្រាប់គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃសត្វ (Cross-border Livestock Health and Value Chain Infrastructure Improvement Project) ដែលមានទឹកប្រាក់សរុបចំនួន ៤៣លានដុល្លារអាម៉េរិក ដែលក្នុងនោះហិរញ្ញប្បទានសម្បទានពី AIIB ចំនួន ៣៣ លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានឥតសំណងពីមូលនិធិបង្ការ, ការត្រៀមខ្លួន និងការឆ្លើយតបជំងឺរាតត្បាត (Pandemic Prevention, Preparedness and Response Facility Trust Fund) ចំនួន ១០ លានដុល្លារអាម៉េរិក។
គម្រោងនេះ ជាគម្រោងសហហិរញ្ញប្បទាន រវាងធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank - ADB) និង AIIB ដែលមានទឹកប្រាក់សរុប ១២៨.៧៨ លានដុល្លារអាម៉េរិក ក្នុងនោះហិរញ្ញប្បទានសហប្រតិបត្តិការរបស់ ADB ចំនួន ៦២.៩ លានដុល្លារអាម៉េរិក និងថវិកា បដិភាគរាជរដ្ឋាភិបាលចំនួន ២២.៨៨ លានដុល្លារអាម៉េរិក៕EB