ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីទុកជួយអន្តរាគមន៍ដល់វិស័យកសិកម្ម នៅពេលប្រជាកសិករ មានបញ្ហាប្រឈមនានាដែលកើតមានឡើង។

នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយគាំពារសង្គម គឺជាការជួយប្រជាពលរដ្ឋក្នុងរយៈពេលខ្លី ហើយអាចឱ្យគាត់មានលទ្ធភាពរស់ក្នុងរយៈពេលវែង។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ការដាក់ចេញនូវយុទ្ធការសម្របសម្រួលកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតផលទីផ្សារ រក្សាលំនឹងកសិផលផ្សេងៗដែលយើងគ្រោង ១០០លានដុល្លារនោះ ដើម្បីជួយកសិករ ដែលមានការប្រឈមមួយចំនួន ដើម្បីរក្សាតម្លៃ»។

សម្ដេច បន្ដថា មិនមែនរាជរដ្ឋាភិបាលទៅចញ្ចឹមកសិករឡើយ តែរាជរដ្ឋាភិបាលទៅអន្ដរាគមន៍ជួយកិច្ចការងារមួយចំនួន ដើម្បីឱ្យកសិករមានលំនឹង។ សម្ដេច ថា ឆ្នាំនេះ តម្លៃស្រូវ មានការឡើងថ្លៃល្អផងដែរ។ សម្ដេច បន្ដថា នយោបាយគាំពារសង្គម មិនមែនបង្កើតវប្បធម៌ពឹងផ្អែកនោះទេ ផ្ទុយទៅវិញជាការបង្កើតនូវវប្បធម៌ម្ចាស់ការ ជាការជួយពលរដ្ឋពេលមានបញ្ហា និងជួយទប់កុំឱ្យស្ថានភាពជីវភាពធ្លាក់ក្នុងស្ថានភាពលំបាក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ