នៅលើហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ បានសរសេរថា ក្មួយៗសម្រេចនៅធ្វើការក្នុងកន្លែងដែលមានសុវត្ថិភាពបំផុត ដែលប្រសើរជាងការសម្រេចទៅសម្រាកលំហែរកំសាន្តនៅកន្លែងដទៃដែលមិនមានសុវត្ថិភាពក្នុងពេលដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ- ១៩។ អរគុណកូនក្មួយទាំងអស់គ្នាដែលចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ -១៩ ដ៏កាចសាហាវបំផុតនេះ។

សម្តេចបន្ថែមថា ពេលដែលបានឃើញកូនក្មួយកំពុងបន្តធ្វើការនៅក្នុងរោងចក្រដែលមានអនាម័យ និងសុវត្ថិភាព គឺរាជរដ្ឋាភិបាលសប្បាយចិត្ត ជាពិសេស ឪពុកម្តាយ ក្រុមគ្រួសារ បងប្អូនក្មួយៗសប្បាយចិត្ត ព្រោះបានដឹងថា កូនក្មួយកំពុងធ្វើការនៅក្នុងកន្លែងដែលមានសុវត្ថិភាពបំផុតមួយ ស្របពេលដែលប្រទេសជាតិយើងកំពុងដាក់បម្រាមផ្អាកមិនអោយពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវបំផុតនេះ។អរគុណកូនក្មួយកម្មករទូទាំងប្រទេស ដែលបានចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសជាតិយើង។

សូមអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយក្មួយដែលយោគយល់ចំពោះការផ្អាកមិនអោយមានការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងពេលនេះ គឺដើម្បីសេចក្តីសុខនឹងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃនិងសហគមទាំងមូល នៅក្នុងពេលដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។


គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកកម្មវិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ មេសា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសថ្មី។ កាលពីថ្ងៃទី០៩ មេសា សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យដាក់កំហិតក្នុងការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងវីរុសជាយថាហេតុ ដោយមិនអាចគ្រប់គ្រងបាន។ ក្រសួងការងារនិងបណ្ដុះបណ្ដាលមវិជ្ជាជីវៈ កាលពីម្សិលមិញ ក៏បានជូនដំណឹងដល់ ម្ចាស់សហគ្រាស រោងចក្រ ឲ្យបន្តធ្វើការធម្មតា ដោយរាជរដ្ឋាភិបាល នឹងសងថ្ងៃឈប់សម្រាក៥ថ្ងៃនៅពេលក្រោយ។កម្មករកម្មការិនីនៅតាមរោងចក្រ ជាច្រើននៅក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្ត បានសម្រេចចិត្តធ្វើការធម្មតា ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕PP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ