វៀតណាម ៖ ប៉ូលិសក្នុងប្រទេសវៀតណាម បានឃុំខ្លួនអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ពីបទចោទប្រកាន់ថា បានទទួលស៊ីសំណូក ដែលជាការចាប់ខ្លួនមន្រ្តីជាន់ខ្ពស់ចុងក្រោយបំផុតនៅក្នុងយុទ្ធនាការបោសសម្អាតអំពើពុករលួយអស់រយៈពេលជាច្រើនឆ្នាំរបស់គណបក្សកុម្មុយនិស្តវៀតណាមដែលកំពុងកាន់អំណាច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VNexpress នាថ្ងៃ ទី២២ ខែធ្នូ ឆ្នាំ២០២៣។
ក្រសួងសន្តិសុខសាធារណៈដែលគ្រប់គ្រងដោយប៉ូលិសវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Do Thang Hai អាយុ ៦០ឆ្នាំ ត្រូវបានឃុំខ្លួនក្រោមការស៊ើបអង្កេតលើការចោទប្រកាន់ថា លោក Hai បានធ្វើខុសនៅឯក្រុមហ៊ុនពាណិជ្ជកម្មប្រេងមួយកន្លែង នៅភាគខាងត្បូងប្រទេសវៀតណាម។
លោក Hai បានកាន់តំណែងជាអនុរដ្ឋមន្ត្រីតាំងពីឆ្នាំ២០១៤មក ដោយទទួលបន្ទុកលើវិស័យជាច្រើនដូចជា ទីផ្សារក្នុងស្រុក ការលើកកម្ពស់ពាណិជ្ជកម្ម ការផលិត កិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយក៏ធ្លាប់ជាអ្នកនាំពាក្យរបស់ក្រសួងផងដែរ។
លោក Hai គឺជាមន្ត្រីចុងក្រោយគេក្នុងចំណោមមន្ត្រីវៀតណាមរាប់រយនាក់ ដែលត្រូវបានស៊ើបអង្កេតពីបទពុករលួយ ដែលបានបង្ខំឱ្យមន្រ្តីកំពូលមួយចំនួនលាលែងពីតំណែង ក្នុងនោះរួមមានទាំងអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី២រូបទៀតផងដែរ៕