បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសវៀតណាមបានដាក់ពន្ធនាគារបុរសម្នាក់ កាលពីថ្ងៃច័ន្ទ សម្រាប់រយៈពេល ៥ ឆ្នាំ ពីបទបំពានច្បាប់តឹងរ៉ឹងនៃការធ្វើចត្តាឡីស័កលើជំងឺកូវីដ ១៩ និងបង្កអោយមានការរីករាលដាលមេរោគនេះទៅកាន់អ្នកដទៃ។
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (ហៅកាត់ VNA) បានរាយការណ៍ថា បុរស ឈ្មោះ Le Van Tri អាយុ ២៨ ឆ្នាំ ត្រូវបានផ្តន្ទាទោសពីបទ “បង្កការរីករាលដាលជំងឺឆ្លង” ។
ទីភ្នាក់ងារសារព័ត៌មានបាននិយាយថា “Le Van Tri បានធ្វើដំណើរត្រលប់ទៅខេត្ត Ca Mau វិញពីទីក្រុងហូជីមិញ ... ហើយបំពានបទបញ្ជានៃការធ្វើចត្តាឡីស័ករយៈពេល ២១ ថ្ងៃ” ។ បុរសនេះបានចម្លងមេរោគដល់មនុស្ស ៨ នាក់ ដែលក្នុងនោះ មានម្នាក់បានស្លាប់ដោយសារវីរុសនេះ បន្ទាប់ពីការសំរាកព្យាបាលរយៈពេលមួយខែ។
យ៉ាងណាម៉ិញ ប្រទេសនេះក៏បានផ្តន្ទាទោសមនុស្សពីរនាក់ ផ្សេងទៀត ឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ និង ២ឆ្នាំ ដោយជាប់ចោទពីបទល្មើសដូចគ្នា។
គួររំលឹកថា ខេត្ត Ca Mau ដែលជាខេត្តភាគខាងត្បូងធំរបស់វៀតណាម បានរាយការណ៍ថា មានករណីឆ្លងត្រឹមតែ ១៩១ ករណី និងមានអ្នកស្លាប់ ២ នាក់ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។ NR