ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ៖ការបញ្ជាជម្លៀសប្រជាជននៅតំបន់ហ្គាហ្សារបស់អ៊ីស្រាអែល អាចបំពានច្បាប់អន្តរជាតិ
បរទេស៖ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃអង្គារនេះថា ការបិទខ្ទប់តំបន់ហ្គាហ្សារបស់អ៊ីស្រាអែល និងបទបញ្ជាជម្លៀសប្រជាជននៅតំបន់ភាគខាងជើង អាចជាការផ្ទេរជនស៊ីវិលដោយបង្ខំ និងបំពានច្បាប់អន្តរជាតិ។
លោកស្រី Ravina Shamdasani អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាននិយាយថា អ៊ីស្រាអែលហាក់ដូចជាមិនបានខិតខំប្រឹងប្រែងដើម្បីធានាថា ជនស៊ីវិលដែលត្រូវបានជម្លៀសជាបណ្ដោះអាសន្ននៅតំបន់ហ្គាហ្សា ទទួលបានលំនៅដ្ឋានគ្រប់គ្រាន់ ក៏ដូចជាលក្ខខណ្ឌអនាម័យ សុខភាព និងសុវត្ថិភាព ព្រមទាំងអាហារូបត្ថម្ភឡើយ។
លោកស្រីបាននិយាយដូច្នេះថា «យើងមានការព្រួយបារម្ភថា បទបញ្ជានេះ រួមជាមួយនឹងការដាក់ការបិទខ្ទប់ទាំងស្រុងលើតំបន់ហ្គាហ្សា ប្រហែលជាមិនត្រូវបានចាត់ទុកថាជាការជម្លៀសបណ្តោះអាសន្នដោយស្របច្បាប់ទេ ហើយដូច្នេះវាស្មើនឹងការផ្ទេរជនស៊ីវិលដោយបង្ខំ ដែលបំពានលើច្បាប់អន្តរជាតិ»។ពាក្យថា «ការជម្លៀសដោយបង្ខំ» ពិពណ៌នាអំពីការជម្លៀសដោយបង្ខំនៃប្រជាជនស៊ីវិល ដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវផ្តន្ទាទោសដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ»។
គួរបញ្ជាក់ថា អង្គការសុខភាពពិភលោក (WHO) បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនត្រូវការចូលទៅកាន់តំបន់ហ្កាហ្សាជាបន្ទាន់ ដើម្បីផ្តល់ជំនួយ និងសម្ភារផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ក្រោយព្រមានអំពីវិបត្តិមនុស្សធម៌រយៈពេលវែង នៅដែនដីប៉ាឡេស្ទីនមួយនេះ៕