រ៉ាម៉ាឡាហ៍៖ មេដឹកនាំប៉ាឡេស្ទីនបានប្រាប់មេដឹកនាំបារាំងថា សហគមន៍អន្តរជាតិត្រូវតែបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែល នៅពេលពួកគេកំពុងប្រយុទ្ធជាមួយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាស្ទី្រប។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៥ តុលា ២០២៣។
នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅទីក្រុងរ៉ាម៉ាឡាហ៍ ដែលផ្តោតលើសង្គ្រាមសម្លាប់ជនស៊ីវិលរាប់ពាន់នាក់នៅអ៊ីស្រាអែល និងហ្កាហ្សា ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាម៉ូដ អាបាស់ បានគូសបញ្ជាក់ថា យើងសូមជំរុញអ្នក… លោកប្រធានាធិបតីបារាំងឱ្យជួយបញ្ឈប់ការឈ្លានពាននេះ។
លោក អាបាស់ បាននិយាយយ៉ាងដូច្នេះថា អ៊ីស្រាអែល និងប្រទេសដែលគាំទ្រខ្លួន គឺអ្នកទទួលខុសត្រូវចំពោះជម្លោះនេះ ហើយថា គួរតែមាន “សន្និសិទសន្តិភាពអន្តរជាតិ” ស្តីពីតំបន់ហ្កាហ្សា។ ជាងនេះទៅទៀត មេដឹកនាំប៉ាឡេស្ទីនក៏បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលលោកបាននិយាយថា “សម្លាប់ជនស៊ីវិលស្លូតត្រង់តាមរបៀបព្រៃផ្សៃ”។
យ៉ាងណាមិញ អ៊ីស្រាអែលបាននិយាយថា មនុស្សប្រមាណ ១,៤០០នាក់ត្រូវបានសម្លាប់ នៅពេលដែលខ្មាន់កាំភ្លើងហាម៉ាសឆ្លងកាត់ចូលទៅកាន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា។ ចំណែកក្រសួងសុខាភិបាលរបស់តំបន់ហ្កាហ្សា ដែលក្រុមហាម៉ាសគ្រប់គ្រង បានបញ្ជាក់ថា មនុស្សប្រមាណ ៥,៧៩១នាក់ ក្នុងនោះកុមារច្រើនជាង ២,០០០នាក់ និងស្រ្តី ១,៤០០នាក់ត្រូវបានសម្លាប់ដោយសារការវាយលុកតាមអាកាសរបស់អ៊ីស្រាអែល៕RT