អ៊ីស្រាអែល៖ ប្រទេសអ៊ីស្រាអែល បានប្តេជ្ញាថានឹងកាត់ក្បាលពស់ ហើយបើកការវាយប្រហារយោធាប្រឆាំងអ៊ីរ៉ង់ ប្រសិនបើក្រុមភេរវករ ហេសបូឡា ចូលរួមក្នុងសង្គ្រាម។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។

លោក Nir Barkat រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អ៊ីស្រាអែលបានព្រមានថា ត្រកូល Ayatollah របស់អ៊ីរ៉ង់នឹងត្រូវបាត់មុខពីផែនដី ប្រសិនបើ ហេសបូឡា ដែលជាក្រុមភេរវករប្រូកស៊ីរបស់ពួកគេនៅក្នុងប្រទេសលីបង់ វាយប្រហារអ៊ីស្រាអែល។ការព្រមានខ្លាំងៗនេះ បានបង្កក្តីព្រួយបារម្ភកាន់តែខ្លាំងអំពីភាពធ្ងន់ធ្ងរនៃជម្លោះក្នុងតំបន់ ដែលរីកធំឡើងៗ ហើយវាកើតឡើងមុនការលុកលុយរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីកម្ចាត់ក្រុមហាម៉ាស់។

លោក Barkat ព្រមានថា ប្រសិនបើខ្លួនជឿថា ហេសបូឡា បើករណសិរ្សភាគខាងជើងមែននោះ អ៊ីស្រាអែល នឹងមិនត្រឹមកម្ចាត់ក្រុមភេរវកម្មនេះទេ ប៉ុន្តែយើងពិតជានឹងកំណត់គោលដៅលើប្រទេសអ៊ីរ៉ង់ថែមទៀត។លោកបន្តថា ផែនការរបស់អ៊ីរ៉ង់គឺវាយប្រហារអ៊ីស្រាអែលគ្រប់ផ្នែក ប្រសិនបើយើងរកឃើញថា ពួកគេមានបំណងកំណត់គោលដៅអ៊ីស្រាអែលមែន យើងនឹងមិនត្រឹមតែសងសឹកចំពោះរណសិរ្សទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងទៅរកក្បាលពស់ ដែលជាប្រទេសអ៊ីរ៉ង់តែម្តង។ ប្រសិនបើសត្រូវរបស់យើងវាយប្រហារ យើងនឹងកម្ចាត់ពួកគេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ