បាតុករ១ម៉ឺននាក់ ចូលរួមក្នុងក្បួនដង្ហែរបង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន នៅកណ្ដាលទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស
អង់គ្លេស៖ មនុស្សប្រហែលជា ១០០,០០០នាក់ បានចូលរួមក្នុងបាតុកម្មតវ៉ាមួយ ដើម្បីបង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន នៅកណ្ដាលទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នៅថ្ងៃសៅរ៍ ទី២១ ខែតុលានេះ និងទាមទារឱ្យមានបទឈប់បាញ់មួយក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣។
ក្រុមបាតុករបាននាំគ្នាដើរជាក្បួនដង្ហែរ និងស្រែកច្រៀងពាក្យស្លោក «Free Palestine» ជាមួយការកាន់ផ្ទាំងបដា និងគ្រវីទង់ជាតិប៉ាឡេស្ទីន នៅកណ្ដាល ទីក្រុងឡុងដ៍ មុននឹងប្រមូលផ្ដុំគ្នានៅការិយាល័យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak។ ប៉ូលិសអង់គ្លេស បានប៉ាន់ស្មានថាមានមនុស្សប្រហែល ១០០,០០០នាក់ បានចូលរួមក្នុងក្បួនតវ៉ាមួយឈ្មោះថា «National March for Palestine» រៀបចំឡើងដោយអង្គការ Palestine Solidarity Campaign។
គួរបញ្ជាក់ថា បាតុករភាគច្រើនលើសលប់បានធ្វើការតវ៉ាដោយសន្តិវិធី ខណៈប៉ូលិសថាពួកគេបានចាប់ខ្លួនមនុស្ស ១០នាក់ ក្រោយព្រមានចំពោះអ្នកដែល បង្ហាញការគាំទ្រដល់ក្រុមហាម៉ាស អាចនឹងត្រូវបានចាប់ខ្លួន ហើយថាបទឧក្រិដ្ឋបង្កឡើងដោយការស្អប់នឹងមិនត្រូវបានលើកលែងឱ្យឡើយ។ សង្រ្គាមរវាង អ៉ីស្រាអែល និងក្រុមហាស់ បានអូសបន្លាយជាង ២សប្ដាហ៍ហើយ ចាប់តាំងពីក្រុមហាម៉ាស បើកការវាយប្រហារលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយ សម្លាប់មនុស្សជាង ១,៤០០នាក់ ខណៈការវាយប្រហារសងសឹករបស់អ៉ីស្រាអែល បានសម្លាប់មនុស្សជាង ៤,៣៨៥នាក់៕