សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្ដោតលើការពង្រឹងសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ គឺផ្ដោតលើការពង្រឹងសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ដោយបង្កើតការងារឲ្យបានច្រើនជូនប្រជាពលរដ្ឋ។
នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព និងបង្កើតការងារឲ្យបានច្រើន ដើម្បីក្លាយជាប្រទេសអ្នកមាន ត្រូវធ្វើឲ្យប្រជាពលរដ្ឋមានចំណូលខ្ពស់ផងដែរ។
សម្ដេច មានប្រសាសន៍ថា «គោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ គឺការពង្រឹងនៅមូលដ្ឋានសម្រាប់ការអភិវឌ្ឍ គោលដៅរបស់យើង គឺជំរុញសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ បង្កើតការងារឲ្យបានច្រើន នេះជាគោលដៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងអាណត្តិបន្ដបន្ទាប់ទៀត»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ការធ្វើឲ្យប្រទេសមួយរីកចម្រើន និងជាប្រទេសអ្នកមាន ទល់តែចំណូលប្រជាពលរដ្ឋម្នាក់ៗ កើនដល់កម្រិតខ្ពស់ ដូច្នេះរដ្ឋ អត់មានថវិកាសម្រាប់ចែកចូលក្នុងហៅប៉ាវប្រជាពលរដ្ឋនោះទេ ក្រៅតែពីការបង្កើតការងារ ហើយការងារនោះអាចទាញផលចំណូលបានខ្ពស់ ទើបមាននិរន្ដរភាព និងភាពធន់។
នាឱកាសនោះ សម្ដេច បន្ថែមទៀតថា ការប្រមូលបាននូវទិន្នន័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ គឺជាភាពងាយក្នុងការដើម្បីរាជរដ្ឋាភិបាលអាចជួយ ដល់ពួកគាត់បាន តាមរយៈគោលនយោបាយជាតិសំខាន់ ជាពិសេសលើវិស័យសហគ្រាសមីក្រូ តូច និងមធ្យម៕EB