ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយ លោកស្រី ម៉ារីយ៉ាម ស្ហឺរមែន(Mariam Sherman) នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ានម៉ា កម្ពុជា និងឡាវ នៅទីស្តីការក្រសួងការងារ។

នាឱកាសនោះ លោករដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា ក្រសួង នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធបំផុតជាមួយក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក ដើម្បីបញ្ចប់គម្រោង «ជំនាញកម្ពុជាដើម្បីការងារប្រសើរ» (Cambodia Skills for Better Jobs) ឲ្យទាន់ពេលវេលាកំណត់ ដើម្បីជាត្រីវិស័យយ៉ាងសំខាន់សម្រាប់ពង្រឹងគុណភាពជំនាញ ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការផ្តល់ព័ត៌មាន រួមទាំងការតម្រង់ទិសវិជ្ជាជីវៈដើម្បីការងារប្រសើរ។

គម្រោង «ជំនាញកម្ពុជាដើម្បីការងារប្រសើរ» គឺជាគម្រោងគន្លឹះដែលនឹងមានជានិយាមជាក់លាក់សម្រាប់ កម្មវិធីបណ្តុះបណ្តាលយុវជន១.៥លាននាក់មកពីគ្រួសារក្រ១ ក្រ២ និងគ្រួសារងាយរងគ្រោះដែលជាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋមកពីក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះដើម្បីអាចទទួលបានជំនាញជាក់លាក់យ៉ាងឆាប់រហ័ស ហើយងាយទទួលបានឱកាសការងារក្នុងទីផ្សារកម្ពុជាដែលកំពុងតម្រូវការជំនាញបច្ចេកទេសដើម្បីបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ច។

ក្នុងនោះលោកស្រី ម៉ារីយ៉ាម ស្ហឺរមែន បានអះអាងថា ធនាគារពិភពលោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងគុណភាពជំនាញដល់យុវជនកម្ពុជា ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារប្រកបដោយប្រសិទ្ធភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ