(អាមេរិក)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា មនុស្សចំនួន៤នាក់ ទើបតែបានបាត់បង់ជីវិត ក្នុងករណីបាញ់ប្រហារមួយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) នៅឯរដ្ឋ Georgia របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។

ហេតុការណ៍ខាងលើបានកើតឡើង នៅតំបន់ Dogwood Lakes នៃទីក្រុង Hampton មានចម្ងាយប្រហែល៤៥គីឡូម៉ែត្រពីទីក្រុង Atlanta ដែលជារដ្ឋធានីរបស់រដ្ឋ Georgia។ ស្នងការប៉ូលិសនៃទីក្រុង Hampton បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជនរងគ្រោះដែលបានបាត់បង់ជីវិត រួមមានបុរស៣នាក់ និងស្រ្តីម្នាក់ ហើយក្រុមអ្នកជំនាញស៉ើបអង្កេតរបស់ប៉ូលិស កំពុងពិនិត្យមើលកន្លែងប្រព្រឹត្តបទល្មើសយ៉ាងហោច៤ទីតាំង។

ទន្ទឹមគ្នានេះ ប៉ូលិសអាមេរិកកំពុងស្វែងរកជនសង្ស័យម្នាក់ ដែលត្រូវបានកំណត់អត្តសញ្ញាណថា មានឈ្មោះ Andre Longmore អាយុ៤១ឆ្នាំ ជាអ្នករស់នៅក្នុងតំបន់ ហើយជនសង្ស័យរូបនោះ ត្រូវប៉ូលិសជឿថា បានរត់គេចខ្លួនដោយជិះរថយន្តស៊េរី GMC Acadia ឆ្នាំ២០១៧ ពណ៌ខ្មៅ និងមានកាំភ្លើងខ្លីខ្មៅមួយដើមនៅជាប់ខ្លួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ